NASAបានបង្ហាញពីអាចម៍ផ្កាយចំនួន ៥ នឹងឆ្លងកាត់ផែនដីដ៏ជិត ក្នុងល្បឿនលឿនបំផុត ហើយក្នុងចំណោមអាចម៍ផ្កាយទាំង ៥ នោះមានអាចម៍ផ្កាយ១ ដែលបានឆ្លងកាត់ផែនដីនៅចម្ងាយត្រឹមតែ ៧៧០,០០០ គីឡូម៉ែត្រប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះបើតាមទីភ្នាក់ងារ ព័ត៌មានបរទេសរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិសហរដ្ឋអាមេរិក (NASA) បានបង្ហាញឱ្យដឹងថា មានអាចម៍ផ្កាយចំនួន ៦ កំពុងធ្វើដំណើរឆ្ពោះមកកាន់ភពផែនដីរបស់យើងក្នុងល្បឿនលឿនបំផុត។

អាចម៍ផ្កាយដំបូងគេមានឈ្មោះថា 2022YB1 គឺជាអាចម៍ផ្កាយដ៏ធំជាងគេ ជាមួយនឹងអង្កត់ផ្ចិតប្រហែល ៦២-១៤១ ហ្វីត ហើយវាបានឆ្លងកាត់ពិភពលោកក្នុងចម្ងាយដ៏ជិតបំផុតនៅថ្ងៃទី ២៦ ធ្នូ ២០២២ នេះបើយោងតាមម៉ោងក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ហើយវាបានឆ្លងកាត់ផែនដីក្នុងចម្ងាយ ២.១ លានគីឡូម៉ែត្រ ខណៈពេលដែលអាចម៍ផ្កាយនេះ នឹងធ្វើដំណើរមកផែនដីក្នុងល្បឿន ៥៣,១៧១ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់មកអាចម៍ផ្កាយទីពីរមានឈ្មោះថា  2019 LTS ក៏នឹងមកជិតផែនដីបំផុតនៅថ្ងៃនេះ នៅចម្ងាយ ៦.២លានគីឡូម៉ែត្រ ដោយអាចម៍ផ្កាយ 2019 LTS នេះមានអង្កត់ផ្ចិត ២៨៨-៦៥៦ ហ្វីត និងធ្វើដំណើរក្នុងល្បឿន ៥៣,៩០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។

ហើយអាចម៍ផ្កាយទី ៣ មានឈ្មោះ 2022YY3 មានទំហំតូច ជាមួយនឹងអង្កត់ផ្ចិតប្រហែល ២២-៥២ ហ្វីតត្រូវបានគេរំពឹងថានឹងឆ្លងកាត់ផែនដីនៅចម្ងាយជិតបំផុតនៅនេះដូចគ្នា នៅចម្ងាយ ១ លានគីឡូម៉ែត្រក្នុងល្បឿន ៣០,៦៩២ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំណែកអាចម៍ផ្កាយទីបួនមានឈ្មោះថា 2022YG1 មានអង្កត់ផ្ចិតពី ៦៨ ទៅ ១៥៧ ហ្វីត ដែលធ្វើដំណើរមកផែនដីក្នុងល្បឿន ៥៨,១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងរំកិលខ្លួនកាន់តែជិតបំផុតក្នុងថ្ងៃនេះ នៅចម្ងាយ ៤.៣ លានគីឡូម៉ែត្រ។

ហើយចុងក្រោយអាចម៍ផ្កាយទីប្រាំមានឈ្មោះថា 2010XC15 ដែលជាអាចម៍ផ្កាយធំជាងគេក្នុងចំណោមទាំងប្រាំនេះមានអង្កត់ផ្ចិត ៤៥៩-៩៨៤ ហ្វីតនឹងឆ្លងកាត់ផែនដីនៅចម្ងាយជិតបំផុតនៅថ្ងៃនេះដូចគ្នា ក្នុងរយៈចម្ងាយត្រឹមតែ៧៧២,៣១២ គីឡូម៉ែត្រប៉ុណ្ណោះ ហើយនឹងផ្លាស់ទីក្នុងល្បឿន ២០,៣១២ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះជាយ៉ាងណាសូមបងប្អូនកុំមានការព្រួយបារម្ភអី ព្រោះគ្មានរបាយការចេញពីអង្គការ NASA បញ្ជាក់ឬបង្ហាញថាអាចម៍ផ្កាយទាំង៥ នេះបង្កការគ្រោះថ្នាក់ និងមកបុកជាមួយនឹងផែនដីយើងនោះឡើយ៕ ប្រភព៖ Thairath