ប្រទេសថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាល បង្ហាញពីចំនួនទេសចរណ៍បរទេសក្នុងប្រទេសថៃ ដែលបានបញ្ជាក់ថាមានប្រទេសចំនួន៥ដែលជាកំពូលប្រទេសបានចូលមកកម្សាន្តក្នុងប្រទេសនាឆ្នាំ២០២២ បានកើនឡើងដល់ ១១លាននាក់ ដែលក្នុងចំណោមនោះក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។

នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ លោក អានុឆា បូនផាចៃស៊ី(Anucha Burapachaisri)អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ ធ្វើជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានធ្វើការលាតត្រដាងព័ត៌មានចុងក្រោយ ពីការិយាល័យអន្តោប្រវេសន៍ បង្ហាញពីចំនួនភ្ញៀវទេសចរចូលមកកម្សាន្តក្នុងប្រទេសថៃ ដែលមានអត្រាកំណើនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ដោយមានចំនួនរហូតដល់ ១១,០៤៩,៧៦៩ នាក់។

ក្នុងនោះគេបានបង្ហាញពីបញ្ជីនៃចំនួនភ្ញៀវទេសចរចូលច្រើនជាងគេទាំង ៥ ប្រទេសដែលចាប់ទុកថាជាកំពូលប្រទេសបានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃច្រើនបំផុតក្នុងឆ្នាំ២០២២រួមមាន៖

១. ប្រទេសម៉ាឡេស៊ី ១,៨១២,២៥០ នាក់

២. ប្រទេសឥណ្ឌា ៩២៣,៧៨៦ នាក់

៣. ប្រទេសឡាវ ៧៩៦,២២០ នាក់

៤. ប្រទេសសិង្ហបុរី ៥៦៣.៥៩៤ នាក់

៥.ប្រទេសកម្ពុជាយើងដែលមានចំនួន ៥៦២.០៦០ នាក់

ជាមួយគ្នានោះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏បានធ្វើការបង្ហាញថា ចាប់តាំងពីប្រទេសថៃបើក ប្រទេសទទួលភ្ញៀវទេសចរបន្ទាប់ពីការបិទប្រទេសដោយសារតែជំងឺកូវីដរួចមក មានចំនួនភ្ញៀវ ទេសចរចូលមកកាន់ប្រទេសថៃជាមធ្យមក្នុងមួយថ្ងៃ ៦០,០០០ទៅ ៧០,០០០ នាក់ ដោយភាគច្រើនមកពីម៉ាឡេស៊ី និង ឥណ្ឌា។

ដែលការសន្ទុះនេះបាននឹងកំពុងតែជំរុញ និងជួយធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការស្ទុះងើបឡើងវិញលឿនបំផុតក្នុងពិភពលោកសម្រាប់វិស័យទេសចរណ៍។

ទោះជាយ៉ាងគេរំពឹងថាសម្រាប់គោលដៅនៃឧស្សាហកម្មទេសចរណ៍ថៃនៅឆ្នាំ ២០២៣  ចំនួនភ្ញៀវទេសចរបរទេសសរុបនឹងកើនឡើងដល់២០លាននាក់ ជាមួយនឹងការពង្រឹង និងការរៀបចំសកម្មភាព គាំទ្រ ព្រមទាំងការលើកទឹកចិត្តភ្ញៀវទេសចរទៅថ្ងៃអនាគត ក៏ដូចជាផែនការកែលម្អតំបន់ទេសចរណ៍ឱ្យកាន់តែមានភាពប្រសើទ្វេដង៕ប្រភព៖ PPTVHD36