អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu)បាននិយាយថា កាំជ្រួចមីស៊ីលអន្តរទ្វីប សាម៉ាត (Sarmat) ដំបូងនឹងត្រូវដាក់ពង្រាយក្នុងការប្រយុទ្ធចាប់ពីឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។
រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយក្នុងជំនួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា “មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដំបូងបង្អស់ (ICBM) នឹងត្រូវបានដាក់ឱ្យដំណើរការត្រៀមប្រយុទ្ធនៅឆ្នាំក្រោយ។
ប្រទេសរុស្ស៊ីគ្រោងនឹងដាក់ពង្រាយ ICBMs ចំនួន២២ប្រភេទ រួមទាំងមីស៊ីល RS-28 Sarmat, RS-24 Yars និងប្រព័ន្ធអាវុធល្បឿនលឿន អាវីនហ្គាដ (Avangard) ទៅកាន់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៣។
លោកពូទីន បាននិយាយថា ទីក្រុងម៉ូស្គូនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្ម និងកែលម្អសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងមីស៊ីលរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “យុទ្ធសាស្ត្រនុយក្លេអ៊ែរជាវិធានការចម្បងដើម្បីធានាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រុស្ស៊ី ព្រមទាំងសមតុល្យយុទ្ធសាស្ត្រ និងតុល្យភាពនៃអំណាចនៅលើពិភពលោក”។
គម្រោងមីស៊ីលទំនើប Sarmat ត្រូវបានចាប់ផ្តើមដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១១ ដើម្បីជំនួសស៊េរី R-36M ដែលហួសសម័យ។ នេះគឺជា “អាវុធទំនើប” មួយក្នុងចំណោមអាវុធទាំង៦ ដែលត្រូវបានណែនាំដោយប្រធានាធិបតី ពូទីន នៅដើមឆ្នាំ ២០១៨ ដោយបានឆ្លងកាត់ដំណាក់កាលសាកល្បងជាច្រើន មុនពេលការបាញ់សាកល្បងពេញលេញនៃមីស៊ីលនៅថ្ងៃទី២០ ខែមេសា។
មន្ត្រីរុស្ស៊ី បាន និយាយកាលពីខែមេសាថា កាំជ្រួចដំបូងគេត្រូវបានគេរំពឹងថានឹងបញ្ជូនទៅកាន់អង្គភាពមួយនៅក្នុងខេត្តក្រាស្នូយ៉ាស់ (Krasnoyarsk) ចម្ងាយប្រហែល ៣ ០០០ គីឡូម៉ែត្រពីភាគខាងកើតទីក្រុងមូស្គូ។ ប្រព័ន្ធកាំជ្រួច Sarmat សរុបចំនួន ៤៦ នឹងត្រូវប្រគល់ជូនកងទ័ពរុស្ស៊ី។ ពួកវានឹងត្រូវដាក់នៅក្នុងកន្លែងបាញ់បង្ហោះកាំជ្រួច R-36M2 ចាស់ដែលបង្កើតឡើងដោយសហភាពសូវៀត ជួយរុស្ស៊ីសន្សំធនធាន និងពេលវេលា។
Sarmat នីមួយៗមានប្រវែង ៣៥,៥ម៉ែត្រ អង្កត់ផ្ចិត ៣ម៉ែត្រ ផ្ទុកប្រេងបាន ១៧៨តោន និងមានចម្ងាយជាង ១៨ ០០០គីឡូម៉ែត្រ។ ក្បាលគ្រាប់ជាមូលដ្ឋានរបស់ Sarmat មានកម្លាំងខ្លាំងរហូតដល់ ៥០លានតោននៃ TNT ដែលបំពាក់ដោយឧបករណ៍បំភាយជាច្រើនដើម្បីបញ្ឆោតការការពារសត្រូវ។
ក្បាលគ្រាប់មានល្បឿនអតិបរមាលើសពី ២៥ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើប្រព័ន្ធណែនាំឯករាជ្យដើម្បីវាយលុកគោលដៅផ្សេងៗ ក៏ដូចជាអាចប្តូរទិសដៅដោយខ្លួនឯងក្នុងដំណាក់កាលបង្វិលដើម្បីជៀសវាងការស្ទាក់ចាប់។
លោកឧត្តមសេនីយ៍ សឺហ្គី ខារ៉ាកៀវ (Sergey Karakaev) មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បាននិយាយថា មីស៊ីល Sarmat ក៏អាចផ្ទុកក្បាលគ្រាប់ អាវីនហ្គាដ ហាយផើសូនិច (Avangard hypersonic) ជាច្រើនផងដែរ ដែលជួយពួកគេកម្ចាត់ប្រព័ន្ធការពារណាមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ៕










