Home សុខភាព ផ្លែឈើជំនួយឱ្យស្បែកសភ្លឺរលោងចេញពីខាងក្នុង បំបាត់ភាពជ្រីវជ្រួញ

ផ្លែឈើជំនួយឱ្យស្បែកសភ្លឺរលោងចេញពីខាងក្នុង បំបាត់ភាពជ្រីវជ្រួញ

159
0

សម្រស់៖ នារីៗដែលចង់បានស្បែកស្អាត ភ្លឺ រលោងបែបធម្មជាតិ អ្នកគួរតែជ្រើសរើសផ្លែឈើដែលចិញ្ចឹមស្បែកឱ្យស្អាត និងមានសុខភាពល្អ។

ពិតណាស់ផលិតផល ឬវិធីថែរក្សាសម្រស់ពីខាងក្រៅអ្នកមិនអាចអនុវត្តចំពោះប្រភេទស្បែកផ្សេងគ្នាបានទេ ដោយសារតែមនុស្សម្នាក់ៗមានសភាពស្បែកខុសៗគ្នា ដូច្នេះការប្រើផលិតផលថែរក្សាស្បែក ឬវិធីថែរក្សាស្បែករបស់អ្នកក៏មិនដូចគ្នាដែរ ប៉ុន្តែមានវិធីមួយដែលមិត្តនារីៗ គួរតែធ្វើតាមវិធីសាស្រ្តដូចគ្នានេះ ដើម្បីចិញ្ចឹមស្បែកឱ្យស្អាសភ្លឺរលោងពីខាងក្នុងដោយការទទួលទានផ្លែឈើដែលមានសារធាតុចិញ្ចឹមស្បែកពីខាងក្នុងចេញមកក្រៅ។

ថ្ងៃនេះសូមបង្ហាញនូវផ្លែឈើមួយចំនួនដែលអ្នកគួរតែទទួលទានដើម្បីបំប៉នស្បែក៖

១. ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C អាស៊ីតអាល់ហ្វា Hydroxyl និងអាស៊ីត Salicylic ជាពិសេសអាស៊ីត Salicylic ត្រូវបានគេប្រើជាញឹកញាប់នៅក្នុង ក្រែមលាបមុន ព្រោះវាជាអាស៊ីតដែលអាចជ្រាបចូលទៅក្នុងរន្ធញើសនិងជួយសម្អាតស្បែកបានយ៉ាងល្អ លើសពីនេះ ផ្លែស្ត្របឺរីមានផ្ទុកអាស៊ីត Ellagic ដែលមានសមត្ថភាពការពារស្បែកពីកាំរស្មីយូវី ទន្ទឹមនឹងការជួយការពារកូឡាជែនពីការបំផ្លាញដែលបណ្តាលឱ្យស្បែកជ្រីវជ្រួញផងដែរ។

២. ផ្លែក្រូច

ក្រូចសម្បូរទៅដោយវីតាមីន C ដោយផ្លែក្រូច ១០០ ក្រាមផ្តល់វីតាមីន C ដល់ទៅ ៥៤ មីលីក្រាម វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការខូចខាតអុកស៊ីតកម្មផងដែរ ក៏ដូចជាជួយការពារការខូចខាតពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងជួយកាត់បន្ថយការរលាកស្បែក ព្រមទាំងជួយរាងកាយក្នុងការពង្រឹង Collagen យ៉ាងមានប្រសិទ្ធភាពផងដែរ។

៣. ផ្លែទទឹម

ផ្លែទទឹមសម្បូរទៅដោយវីតាមីន C វីតាមីន K ហ្វូឡាត កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ ហើយផ្លែទទឹមក៏សម្បូរទៅដោយអាស៊ីត Ellagic  ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារស្បែកពីការបំផ្លាញកាំរស្មី UVA និង UVB ផងដែរ រួមជាមួយនឹងការជួយកាត់បន្ថយដំណើរការនៃការបង្កើតសារធាតុពណ៌ស្បែកផងដែរ។

៤. ផ្លែឪឡឹក

ឪឡឹកសម្បូរទៅដោយជាតិទឹក ជាតិសរសៃ កាបូអ៊ីដ្រាត Carotenoids lycopene សារធាតុ Flavonoids វីតាមីន B1 និងវីតាមីន B6  ជាពិសេសផ្លែឈើនេះមិនមានកូលេស្តេរ៉ុលនិងខ្លាញ់ទេ ចំណែកសារធាតុ Lycopene វាមានសមត្ថភាពជួយបណ្តេញ រ៉ាឌីកាល់សេរី ចេញពីរាងកាយ  និងជួយការពារស្បែកខូចផងដែរ។

៥. ផ្លែស្វាយ

ផ្លែស្វាយសម្បូរទៅដោយវីតាមីន A, វីតាមីន C, វីតាមីន E, វីតាមីន K, បេតាការ៉ូទីន, ប៉ូលីហ្វេណុល និង Xanthophylls  សារធាតុចិញ្ចឹមទាំងនេះមានសមត្ថភាពការពារស្បែកពីការបំផ្លាញ DNA  ក៏ដូចជាជួយកាត់បន្ថយការរលាកនៃស្បែកផងដែរ។

៦. ផ្លែចេក

ចេកសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E វីតាមីន K ជាតិសរសៃ ហ្វូឡាត ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម សារធាតុចិញ្ចឹមទាំងនេះនឹងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាកនៃស្បែក និងប្រឆាំងមេរោគយ៉ាងមានប្រសិទ្ធភាពលើស្បែក។

ទោះជាយ៉ាងណាបន្ថែមពីលើផ្លែឈើទាំង ៦ ប្រភេទដែលយើងបានរៀបរាប់ខាងលើ ក៏មានផ្លែឈើផ្សេងទៀតដែលអាចចិញ្ចឹមស្បែកពីខាងក្នុងចេញមកក្រៅ ​នោះគឺផ្លែប័រ ផ្លែល្ហុង និងទំពាំងបាយជូជាដើម។

ដូច្នេះបើនារីៗ ចង់ថែរក្សាស្បែកឱ្យមានសុខភាពល្អគួរតែទទួលទានផ្លែឈើទាំងនេះជំនួសឱ្យការបរិភោគអាហារឥតប្រយោជន៍មួយចំនួនដែលប៉ះពាល់សុខភាពរាងកាយ៕ ប្រភព៖ Sanook