ខេត្តមណ្ឌលគីរី៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី លោក យន់ សារោម បានដេញកាប់អតីតភរិយារបស់ខ្លួន គឺលោកស្រី ហែម រុន ខណៈអតីតភរិយារូបនេះ បានយកឥវ៉ាន់ចូលមកនៅក្នុងផ្ទះដែលជាទ្រព្យសម្បត្តិរួម ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកស្រី ហែម រុន អតីតភរិយាលោក យន់ សារោម បានអះអាងថា គាត់គ្រាន់តែសុំស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះផ្ទះនេះក៏មានចំណែករបស់លោកស្រីផងដែរពេលដែលពួកគាត់រួមរស់នៅជាប្តីប្រពន្ធនឹងគ្នា ហើយគាត់រង់ចាំតុលាការសម្រេចបែងចែកឲ្យបានច្បាស់លាស់ប៉ុណ្ណោះ។

លោកស្រី ហែម រុន បានឧ្យដឹងថា បច្ចុប្បន្នរូបគាត់ពុំមានផ្ទះសម្បែង ឬកន្លែងស្នាក់អាស្រ័យនោះទេ ប៉ុន្តែគ្រាន់តែគាត់រើសឥវ៉ាន់មកស្នាក់នៅផ្ទះគាត់ភ្លាម អតីតស្វាមីរបស់គាត់គឺ លោក យន់ សារោម ក៏យកកាំបិតដេញកាប់រូបគាត់ និងបងប្អូនគាត់រត់ចែកជើងគ្នាស្ទើរមិនរួចខ្លួន។

ចំណែកលោក យន់ សារោម បានឱ្យដឹងតាមរយៈលេខទូរស័ព្ទថា លោកកំពុងធ្វើការរឿងហ្នឹង ហើយប្រាប់ថា ជាប់រវល់ រួចក៏បិទទូរស័ព្ទបាត់ទៅ ៕