ប្រទេសចិន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិនបានព្រមានសាធារណជន បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតថា ផ្លែឈើកំប៉ុងខ្លះអាចព្យាបាលកូវីដ-១៩ ជាពិសេសគឺផ្លែប៉េសកំប៉ុង ឬផ្លែប៉េសត្រាំ។

កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា តម្រូវការផ្លែប៉េសកំប៉ុងនៅលើទីផ្សារកំពុងកើនឡើងខ្លាំង រហូតដល់អ្នកប្រើប្រាស់ក្នុងប្រទេសចិនមិនអាចបញ្ជាទិញបាន និងមិនអាចបំពេញតាមតម្រូវការរបស់អតិថិជន ក្រោយពីពួកគេជឿថាផ្លែប៉ែសកំប៉ុងអាចព្យាបាលជំងឺកូវីដ-១៩បានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះកាសែតផ្លូវការរបស់ប្រទេសចិន China Daily បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយរបស់នាយករងលោក Gao Xiaoling  នៃមន្ទីរពេទ្យ Shanxi ដើម្បីកាត់បន្ថយការភ័យស្លន់ស្លោក្នុងចំណោមមនុស្សដែលកំពុងព្យាយាមស្តុកទុកផ្លែឈើកំប៉ុងជាពិសេសផ្លែប៉េសកំប៉ុង អមជាមួយនឹងការបញ្ជាក់ខ្លឹមសារដាស់តឿន និងព្រមានយ៉ាងដូច្នេះថា “ផ្លែប៉ែសពណ៌លឿងដែលត្រូវបានកាត់ជាចំណិតហើយខ្ចប់ក្នុងកំប៉ុងឬពាង វាមិនមែនជាថ្នាំវេទមន្តដែលអាចព្យាបាលគ្រុនក្តៅ ឬ ក្អកបានទេ ដែលបណ្ដាលមកពីកូវីដ-១៩ នោះទេ។

ប្រភពដដែលបានបន្ថែមថាជនជាតិ ចិនបាននឹងកំពុងសម្រុកទិញ និង ស្តុកផ្លែប៉ោមកំប៉ុង និងផ្លែប៉េសកំប៉ុង ស្របពេលដែលជំងឺកូវីដនៅតែឆ្លងរាលដាលបន្ត ហើយក៏ដោយសារតែជំនឿដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ថាផ្លែឈើត្រាំទាំងអស់នេះ អាចព្យាបាលជំងឺជាច្រើនមុខ និងមានប្រភពមកពីជំនឿបុរាណនៅភាគខាងជើង ក៏ដូចជាភាគឦសាននៃប្រទេសចិន ហើយក្រោយមកបានរីករាលដាលពាសពេញប្រទេស៕ ប្រភព៖ Dailynews