បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន The Times of India បានរាយការណ៍ពីរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តមួយនៅក្នុងប្រទេសឥណ្ឌា ក្នុងករណីបុរសម្នាក់ត្រូវបានជាប់គុកអស់រយៈពេល១៨ ខែពីបទឃាតកម្មលើប្រពន្ធរបស់គាត់ ប៉ុន្តែចុងក្រោយត្រូវបានគេរកឃើញថាប្រពន្ធរបស់គាត់នៅមានជីវិត និងរស់នៅជាមួយប្ដីថ្មីយ៉ាងសុខសាន្ត ប៉ុន្តែនាងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ពីករណីបោកប្រាស់។

នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២នេះ មានសេចក្ដីរាយការបានឱ្យដឹងថា បុរសអាយុ ៣២ ឆ្នាំម្នាក់ឈ្មោះ Sainee ត្រូវបានជាប់គុក ១៨ ខែពីបទឃាតកម្មលើប្រពន្ធរបស់គាត់ ប៉ុន្តែក្នុងរយៈពេល ៦ ឆ្នាំក្រោយមក ត្រូវបានគេរកឃើញថាប្រពន្ធរបស់គាត់នៅមានជីវិត ថែមទាំងមានសុភមង្គលជាមួយប្តីថ្មីទៀតផង។
ទាក់ទងនឹងករណីខាងលើ ត្រឡប់ទៅកាន់ឆ្នាំ ២០១៥ វិញលោក Sainee បានរៀបការជាមួយអតីតភរិយា ឈ្មោះ Artievee ប៉ុន្តែភ្លាមៗបន្ទាប់ពីរៀបការស្ត្រីរូបនេះបានបាត់ខ្លួនពីផ្ទះជួលក្នុងសង្កាត់ វីរិនដាវ៉ាន់ រដ្ឋ Uttar Pradesh បន្ទាប់មកមានគេប្រទះឃើញសពស្ត្រីមិនស្គាល់មុខម្នាក់។
ក្នុងនោះឪពុកស្ត្រីរូបនោះបានចុះមកពិនិត្យហើយបានបញ្ជាក់ថាសាកសពនេះគឺពិតជាកូនស្រីដែលបាត់ខ្លួនពិតមែន និងត្រៀមរាយការណ៍ទៅសមត្ថកិច្ចដើម្បីស្រាវជ្រាវ។ នៅទីបំផុតលោក Sainee ត្រូវជាប្ដីក្លាយជាជនសង្ស័យក្នុងឃាតកម្មនេះ ហើយត្រូវបានកាត់ទោសជាមួយមិត្តរបស់គាត់ម្នាក់ទៀតលើបទចោទ សម្លាប់ប្រពន្ធ ចំណែកប៉ូលិសដែលស៊ើបលើករណីនេះបានទទួលប្រាក់រង្វាន់ ១៥.០០០ រូពី ឬប្រហែលជិត២០០ដុល្លារ ជារង្វាន់សម្រាប់ការចាប់ខ្លួនជនជាប់ចោទ។
ជាមួយគ្នានោះលោក Sainee បានជាប់ពន្ធនាគាររយៈពេល ១៨ ខែ មុនពេលតុលាការបានផ្តល់ការនៅក្រៅឃុំដើម្បីការពារសំណុំរឿងរបស់គាត់។ បន្ទាប់ពីចេញពីពន្ធនាគារ Sainee បានស្វែងរកប្រពន្ធរបស់គាត់ដោយជឿជាក់ថានាងមិនបានស្លាប់ ព្រោះគាត់មិនបានសម្លាប់នោះឡើយ។
លុះមកដល់ពេលនេះរយៈពេលជាង ៦ ឆ្នាំបានកន្លងផុតទៅ គាត់បានរកឃើញអតីតប្រពន្ធ Artievee នាងមិនបានស្លាប់ ព្រមទាំងបានរៀបការជាមួយប្តីថ្មីរស់នៅដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ ខណៈ អតីតស្វាមីរងគ្រោះក្នុងពន្ធនាគារទៅវិញ។

យ៉ាងណាមិញបន្ទាប់ពីការរកឃើញនូវវត្តមានអតីតប្រពន្ធរួច លោក Sainee និង មិត្តភក្តិរបស់លោក បានជូនដំណឹងទៅកាន់ប៉ូលិសភ្លាមៗ និងបានធ្វើការចាប់ខ្លួនអតីតប្រពន្ធរូបនោះ នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២២ ពីបទប្រើអត្តសញ្ញាណប័ណ្ណពីរ ដែលមានថ្ងៃខែឆ្នាំកំណើតខុសគ្នា និងការបង្កើតរឿងប្រឌិតឡើង។
ទោះជាយ៉ាងណាបច្ចុប្បន្នករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដើម្បីស្វែងរកអង្គហេតុបន្ថែមទៀត៕ ប្រភព៖ Sanook












