បរទេស៖ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយខាងក្រៅបានរាយការណ៍ថាអាមេរិក និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោសគ្នារវាង ប្រីត នី ក្រៃ នើរ (Britney Greiner) អ្នកលេងបាល់បោះដ៏ល្បីល្បាញ និងអ្នកទោស វ៉ិចធឺ បូត (Victor Bout) ដែលជាឈ្មួញអាវុធរុស្ស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែធ្នូ ដែលបានឱ្យដឹងថា សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់អំពីការធ្វើបត្យាប័នលោក វ៉ិចធឺ បូត (Victor Bout) ដែលជាឈ្មួញអាវុធរុស្ស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកទៅកាន់រដ្ឋាភិបាលក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។
ខណៈ ភាគីខាងរុស្ស៊ី បានក៏បញ្ជូនលោកស្រី ប្រីត នី ក្រៃ នើរ(Britney Greiner) ដែលជាកីឡាករបាល់បោះស្ត្រីជនជាតិ អាមេរិកមកកាន់ប្រទេសវិញ។
គួររំលឹកថាលោក វ៉ិចធឺ បូត(Victor Bout) ដែលជាអតីតទាហានសូវៀត និងជាឈ្មួញអាវុធរុស្ស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកត្រូវបានកាត់ទោសឱ្យជាប់គុក ២៥ ឆ្នាំនៅសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិតធ្វើឃាតជនជាតិអាមេរិក និងការនាំចេញកាំជ្រួចប្រឆាំងយន្តហោះ។
ក្នុងនោះវិមានក្រឹមឡាំងក៏បានអំពាវនាវឱ្យមានការដោះលែងលោក ដោយបាននិយាយថាការកាត់ក្តីនេះមិនមានមូលដ្ឋាន និងមានភាពលម្អៀងផងដែរ។
ដោយឡែកអ្នកទោស ប្រីត នី ក្រៃ នើរ (Britney Greiner) ដែលនាងជាអ្នកលេងឱ្យក្រុមបាល់បោះនារីរុស្ស៊ីអស់ជាច្រើនឆ្នាំត្រូវបានចាប់ខ្លួនពីបទរត់ពន្ធថ្នាំញៀននៅព្រលានយន្តហោះក្នុងតំបន់ មូស្គូ កាលពីខែកុម្ភៈកន្លងទៅ។ ទោះបីជានាងបានផ្តល់សក្ខីកម្មថានាងបានវេចខ្ចប់ប្រេងកញ្ឆាដោយចៃដន្យដែលបានរកឃើញនៅក្នុងវ៉ាលីរបស់នាងក៏ដោយ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ហើយត្រូវបានផ្ទេរទៅពន្ធនាគារនៅ ម៉រ ឌូ វៀ (Mordovia) នៅពាក់កណ្តាលខែវិច្ឆិកា បន្ទាប់ពីបាត់បង់បណ្តឹងឧទ្ធរណ៍។
.jpg)
យ៉ាងណាមិញ ការដោះដូរអ្នកទោសទាំងពីរភាគី គឺធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ អាបូ ដាប៊ី(Abu Dhabi) រដ្ឋធានីនៃប្រទេសអារ៉ាប់រួម ខណៈពេលដែលក្រសួងការបរទេសអារ៉ាប់រួមបានចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហានេះ ដោយបញ្ជាក់ថាការផ្លាស់ប្តូររវាងអ្នកទោសទាំងពីរគឺជាការចរចាដោយផ្ទាល់ រវាងអាមេរិក និងរុស្ស៊ីតែប៉ុណ្ណោះ ដែលមិនគួរពាក់ព័ន្ធនឹងអារ៉ាប់រួមនោះឡើយ៕ ប្រភព៖ Dailynews













