អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយលោកខាងលិច ប្រសិនបើលោកខាងលិចទទួលស្គាល់ “ទឹកដីថ្មី” របស់រុស្ស៊ីដែលយកបានពីអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានធ្វើឡើងបន្ទាប់ពីជំហរការទូតយ៉ាងប្រុងប្រយ័ត្ន ពីសេតវិមាន ដោយសារនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយប្រធានាធិបតីបារាំង អែមម៉ាញុល ម៉ាក្រុង (Emmanuel Macron) លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) បាននិយាយថា «ខ្ញុំត្រៀមខ្លួនដើម្បីនិយាយជាមួយលោកពូទីន ប្រសិនបើការពិតមានចំណាប់អារម្មណ៍លើគាត់ដែលសម្រេចចិត្តថាគាត់កំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែមិនទាន់មានអ្វីកើតឡើងនៅឡើយទេ»។
ភ្លាមៗនោះវិមានក្រឹមឡាំងបានធ្វើការឆ្លើយតបវិញថា លោកពូទីនត្រៀមខ្លួនជាស្រេច «បើកចំហចំពោះការចរចា» ប៉ុន្តែលោកខាងលិចត្រូវតែទទួលយកការប្រកាសរបស់រុស្សីថា តំបន់ភាគខាងត្បូងនៃទីក្រុងខឺសុន (Kherson) និងតំបន់កាន់កាប់មួយផ្នែកផ្សេងទៀតនៃអ៊ុយក្រែនឥឡូវនេះជារបស់រុស្ស៊ី។ ខណៈការឈ្លានពានរបស់រុស្ស៊ីត្រូវបានប្រទេសភាគច្រើនថ្កោលទោសថាខុសច្បាប់។
នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរំលឹកឡើងវិញនូវការបោះឆ្នោតប្រជាមតិដែលបានធ្វើឡើងកាលពីថ្ងៃទីថ្ងៃទី០១ ខែធ្នូ ឆ្នាំមុន”ដែលបានបង្រួបបង្រួមទឹកដីទាំងមូលនៃរដ្ឋរបស់យើង ខណៈពលរដ្ឋគ្រប់គ្នាបានសម្ដែងការគាំទ្ររបស់យ៉ាងខ្លាំង។
«ប្រជាជនបានបញ្ជាក់ពីច្បាប់នៃការប្រកាសឯករាជ្យនៃអ៊ុយក្រែន – ដោយសេរីនិងស្របច្បាប់។ វាគឺជាប្រជាមតិពិតប្រាកដ … ប្រជាមតិដ៏ស្មោះត្រង់ នោះហើយជាមូលហេតុដែលវាត្រូវបានទទួលស្គាល់ដោយពិភពលោក។ លោកប្រធានាធិបតីបាននិយាយយ៉ាងដូច្នេះ … ច្បាប់របស់អ៊ុយក្រែននឹងឈ្នះ»។
គួរបញ្ជាក់ដែលថា ក្រោយបរាជ័យជាបន្តបន្ទាប់ ក្នុងតំបន់ខាកៀវ និងខឺសុន រុស្ស៉ីបានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន តាំងតែពីខែតុលាមកម្ល៉េះ ដោយ បណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាលើកដំបូងចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក លោក ពូទីន បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា «ជាគោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច» នៅក្នុងប្រទេសអ៊ុយក្រែន ហើយថាការវាយប្រហាររបស់រុស្ស៉ីជាការឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពីទីក្រុងកៀវ។
លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថា «ទីក្រុងមូស្គូ បានអត់ធ្មត់ជាយូរមកហើយ ពីការប្រើប្រាស់មីស៊ីលកំណត់គោលដៅជាក់លាក់ វាយប្រហារលើគោលដៅ មួយចំនួននៅលើទឹកដីអ៊ុយក្រែន…ក៏ប៉ុន្តែ បច្ចុប្បន្ន វិធានការបែបនេះត្រូវបានបង្ខំឱ្យធ្វើ និងជារឿងចៀសមិនរួច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពី សំណាក់ទីក្រុងកៀវ លើហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៉ី»។ បើតាមវិមានក្រឹមឡាំង លោក ពូទីន ចង់សំដៅទៅលើការវាយប្រហារលើស្ពានមួយនៅក្នុងតំបន់ គ្រីមៀ ដែលទីក្រុងមូស្គូចោទថាជាស្នាដៃរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានជំរុញឱ្យលោក ពូទីន ត្រឡប់មករកដំណោះស្រាយការទូត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងនោះរួមទាំងការដកកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែសំណើនេះដែលដូចគ្នាទៅនឹងសំណើរបស់លោក ចូ បៃដិន ដែរនោះត្រូវបានលោក ពូទីន ច្រានចោល និងបានស្នើឱ្យមានការទទួលស្គាល់តំបន់អ៊ុយក្រែនដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនជាមុនសិន មុននឹងចង់ និយាយរឿងចរចា៕










