ចក្រភពអង់គ្លេស ៖ យន្តហោះដ៏ធំបំផុតមួយរបស់ពិភពលោក Airbus Beluga XL5 ត្រូវបានរន្ទះបាញ់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Hawarden ក្នុងទីក្រុង Flintshire រដ្ឋ North Wales ប្រទេសអងគ្លេសកាលពីថ្ងៃអង្គារកន្លងទៅ។

យោងតាមសារព័ត៌មាន North Wales Live បានឱ្យ កាលពីថ្ងៃទី​០១ ខែវិច្ឆិកា ​ឆ្នាំ២០២២ យន្តហោះដ៏ធំបំផុតមួយរបស់ពិភពលោក Airbus Beluga XL5 ត្រូវបានរន្ទះបាញ់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Hawarden នៅវេលាម៉ោង ១៣ និង០០នាទី ​ថ្ងៃត្រង់ ក្នុងទីក្រុង Flintshire រដ្ឋ North Wales ប្រទេសអងគ្លេស ខណៈកំពុងឆ្ពោះទៅកាន់ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

ទាក់ទងនឹងហេតុការខាងលើអ្នកនាំពាក្យរបស់ក្រុមហ៊ុន Airbus បានប្រាប់ស្ថានីយទូរទស្សន៍ FOX ថា “នេះគឺជាព្រឹត្តិការណ៍ធម្មតាមួយនៅក្នុងអាកាសចរណ៍ ហើយយន្តហោះបានបន្តធ្វើដំណើរទៅកាន់ទីក្រុង Hamburg តាមការគ្រោងទុកដោយជោគជ័យ។

អង្គភាពព័ត៌មានក្នុងស្រុកបានរាយការណ៍ថាខណៈយន្តហោះ Airbus Beluga XL5 ប្រជាពលរដ្ឋបានរាយការណ៍ថាបានឮសំឡេងនៃការផ្ទុះដ៏ធំមួយ និងមានពន្លឺពណ៌សភ្លឺចំយន្តហោះ។ បន្ថែមពីនោះអ្នកស្រុកក៏បានរាយការណ៍ពីបញ្ហាជាមួយនឹងសញ្ញាទូរទស្សន៍ និងការភ្ជាប់អ៊ីនធឺណិតរបស់ពួកគេត្រូវបានកាត់ផ្ដាច់បន្ទាប់ពីមានរន្ទះបាញ់ផងដែរ។

គួរបញ្ជាក់ថាយន្តហោះដែលមានរាងដូចត្រីបាឡែន Airbus Beluga XL5 ប្រើសម្រាប់ដឹកជញ្ជូនផ្នែកខ្លះនៃយន្តហោះផ្សេងទៀតជុំវិញពិភពលោក បានបន្តចុះចតដោយសុវត្ថិភាពក្នុងប្រទេសអាល្លឺម៉ង់ដោយសុវត្តិភាព ស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារ ហើយយន្តហោះនឹងត្រូវបានត្រួតពិនិត្យមុនពេលហោះហើរបន្ទាប់របស់វា”៕ ប្រភព៖ fox5atlanta