ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបញ្ជាក់ថា តំបន់ភ្នំតាម៉ៅពោរពេញទៅដោយដីខ្សាច់ ដើមឈើដុះលូតលាស់មិនបានល្អ ហើយតំបន់នេះគ្មានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រទេ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់អភិវឌ្ឍដោយសារនៅក្បែរទីក្រុងក្បែរព្រលានយន្តហោះថ្មី និងជិតតំបន់ទេសចរណ៍ទន្លេបាទី។ ប៉ុន្តែអង្គការសង្គមស៊ីវិលអះអាងថា ទីនោះមានសត្វព្រៃជាច្រើនប្រភេទ ដែលខ្លះជាប្រភេទសត្វកម្រណាស់ ត្រូវបានដោះលែងនៅទីនោះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើចេញថ្ងៃទី ៤ ខែសីហា បានលើកឡើងថា តំបន់ភ្នំតាម៉ៅជាតំបន់ស្ថានីយព្រៃឈើមួយដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។តំបន់នេះពោរពេញទៅដោយដីខ្សាច់ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះទើបរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុងក្បែរព្រលានយន្តហោះថ្មីនិងជិតតំបន់ទេសចរណ៍ទន្លេបាទី។
តាមរយៈសេចក្តីប្រកាសដដែលនោះ រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជា ការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការនិងសម្ភារនានា។
រដ្ឋបាលព្រៃឈើបញ្ជាក់ថា៖ «ការដោះដូរគឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជននិងមានគណៈកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួងពិនិត្យ និងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ»។
លោកនិក ម៉ាក នាយកសង្គ្រោះនិងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងនៅថ្ងៃទី ៤ ខែសីហាថា ការកាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅ ផ្តល់សារអាក្រក់យ៉ាងក្រៃលែងចំពោះកេរ្តិ៍ឈ្មោះនៃការអភិរក្សសត្វព្រៃនៅកម្ពុជា។ ភ្នំតាម៉ៅត្រូវបានគេស្គាល់យ៉ាងច្បាស់និងជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សត្វព្រៃនៅកម្ពុជា។ ព្រៃនេះមានសត្វព្រៃជាច្រើនប្រភេទ ខ្លះកម្រណាស់ ដែលសត្វទាំងនោះត្រូវបានដោះលែង ឬកើតនៅក្នុងព្រៃ។
លោកថ្លែងថា៖ «សត្វព្រៃដែលរស់នៅក្នុងព្រៃដែលកំពុងត្រូវបានកាប់ឆ្ការមានចំនួនច្រើនច្បាស់ជាមិនរស់រានមានជីវិតឡើយ។ ពួកវាទាំងអស់នឹងត្រូវស្លាប់ព្រោះសត្វព្រៃត្រូវការរស់នៅក្នុងព្រៃ បើគ្មានព្រៃ តើឱ្យពួកវាទៅនៅឯណា សត្វព្រៃមិនរស់នៅក្នុងទីក្រុងទេ ហើយនៅពេលដែលពួកវាត្រូវបានផ្លាស់លំនៅប្រហែលជានឹងត្រូវសម្លាប់ដោយមនុស្សតាមប្រមាញ់»។
លោក និក ម៉ាក ប្រាប់ថា ការបំផ្លិចបំផ្លាញទីតាំងដ៏ល្បីនិងសំខាន់បែបនេះ អាចធ្វើឱ្យអង្គការអភិរក្សនិងអ្នកផ្តល់មូលនិធិរបស់ពួកគេចោទជាសំណួរថា តើវាល្អទេក្នុងការចំណាយពេលវេលាការខិតខំប្រឹងប្រែង និងប្រាក់បន្ថែមទៀតនៅក្នុងប្រទេសដែលហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការអភិរក្សសត្វព្រៃ និងព្រៃឈើរបស់ខ្លួន ៕