ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានធ្វើកម្មវិធីជាច្រើន ក្នុងការជំរុញអោយមានការប្រើប្រាស់យានយន្តអគ្គិសនីអោយបានច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក្រសួងសាធារណការបានធ្វើការដំឡើងស្ថានីយសាកភ្លើងជាបន្តបន្ទាប់ ដែលវាអាចសាកលឿន ជាមួយតម្លៃធូរថ្លៃផងដែរ។
បើយោងទៅតាម ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា តម្លៃនៃការសាកភ្លើងគឺអាស្រ័យតាមទីតាំងនីមួយៗ។ ដោយឡែកជាមធ្យមគឺ ១៣០០រៀលក្នុង១គីឡូវ៉ាត់ ហើយបើបើក ១០០គីឡូម៉ែត្រ ចំណាយតែ ៣ ទៅ ៤ដុល្លារប៉ុណ្ណោះ តែបើរថយន្តប្រើសាំងគឺអស់ច្រើនជាងនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា កំពុងជំរុញទឹកចិត្តប្រជាជន អោយងាកមកប្រើប្រាស់រថយន្តអគ្គិសនីវិញ ដោយបានកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីដល់ទៅ ៥០ភាគរយ៕