រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលក្រុងមូស្គូបញ្ជូនកម្លាំងទាហាន ជាង១០០ ០០០នាក់ បំពាក់ដោយគ្រឿងសព្វាវុធគ្រប់បែបយ៉ាង ទៅបោះជំរំកងទ័ព នៅជិតព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន បង្កឲ្យភាពតានតឹង កាន់តែខ្លាំងឡើងនោះមក សហរដ្ឋអាមេរិក បានច្រានចោលនូវការចង់បានរបស់រុស្ស៊ី ដើម្បីបញ្ឈប់នូវការដាក់ពង្រាយយោធា ឆ្ពោះទៅកាន់អឺរ៉ុបខាងកើតរបស់អង្គការណាតូ តែក្រុងវ៉ាស៊ីនតោន បានអះអាងថា សហរដ្ឋអាមេរិក នឹងបើកចំហទ្វារ សម្រាប់ការចរចា ស្ដីពីការគ្រប់គ្រងគ្រឿងសព្វាវុធ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «NATO» បានបញ្ជូនលិខិតឆ្លើយតប ដាច់ដោយឡែកពីគ្នា ជូនចំពោះការទាមទារលើសន្ដិសុខរបស់រុស្ស៊ី។ ក្រុងវ៉ាស៊ីនតោន ហើយ ណាតូ បាន និង កំពុងបង្កើននូវកិច្ចខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្ដិអ៊ុយក្រែន ដែលកំពុងតែបន្ដកើតមានឡើង។

លោក អែនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ថា លោក John Sullivan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរុស្ស៊ី បានផ្ដល់លិខិតឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់ទីក្រុងមូស្គូ ដែលកំពុងតែស្វែងរកនូវការធានាលើសន្ដិសុខ ថា ណាតូនឹងបញ្ឈប់នូវការពង្រីកខ្លួន ឆ្ពោះទៅកាន់ទិសខាងកើត ចូលទៅក្នុងប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត។

លោក អែនតូនី ប្លីនខែន រដ្ឋមន្រ្ដីក្រសួងការបរទេស បានបញ្ជាក់បន្ថែម ថា លិខិតឆ្លើយតប ត្រូវបានផ្ដល់ទៅឲ្យរុស្ស៊ី នោះ គឺ «ជាមាគ៌ាការទូតដ៏ធ្ងន់ធ្ងរមួយ» ដើម្បីបញ្ចប់នូវវិបត្ដិ ដែលកំពុងតែជាប់គាំងនោះ។

រដ្ឋមន្រ្ដីក្រសួងការបរទេស បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា «ឯកសារ ដែលយើងបានផ្តល់ជូនដល់ក្រុងមូស្គូ នោះ រួមមាន ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ហើយដៃគូរបស់យើង អំពីសកម្មភាពរបស់រុស្ស៊ី ដែលធ្វើឱ្យខូចដល់សន្តិសុខ ការវាយតម្លៃជាគោលការណ៍ និង ភាពជាក់ស្តែង នៃការព្រួយបារម្ភ ដែលរុស្ស៊ីបានលើកឡើង និងសំណើផ្ទាល់ខ្លួនរបស់យើង សម្រាប់តំបន់ ដែលយើងអាចមានលទ្ធភាពធ្វើ។

រហូតមកដល់ពេលនេះ រុស្ស៊ី នៅតែបន្ដដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ នៅតាមតំបន់ព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់ក្រុងមូស្គូ បាន និង កំពុងតែបង្កឲ្យមានវិបត្ដិការទូត ហើយធ្វើឲ្យសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប កាន់តែព្រួយបារម្ភខ្លាំងឡើង ថា រុស្ស៊ីកំពុងតែរៀបចំផែនការ ចូលឈ្លានពានប្រទេសជិតខាង។

ទោះជាយ៉ាងណា រុស្ស៊ី នៅតែអះអាងថា ទីក្រុងមូស្គូ មិនមានផែនការណាមួយ ចូលឈ្លានពានប្រទេសអ៊ុយក្រែ នោះឡើយ។ ប៉ុន្ដែរុស្ស៊ី ទាមទារឲ្យអង្គការណាតូ មិនដាក់ប្រទេសអ៊ុយក្រែន បញ្ចូលទៅជាសមាជិក និង បញ្ឈប់នូវការដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបខាងកើត៕