រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលហេតុការណ៏នេះបានកើតឡើង កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង ៕