រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២២ ខែកក្កដា ម្សិលមិញនេះ វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៧៤,៣៧១ នាក់ ក្នុងនោះស្លាប់ ៣៧០ នាក់ និងជាសះស្បើយចំនួន ១៣,៤២១ នាក់ ។
រាប់ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅវៀតណាមមក នេះជាលើកដំបូងហើយ ដែលទទួលដំណឹងពីក្រុមគ្រួសារ និងសាច់ញាតិ នៅទឹកដីកម្ពុជាក្រោម មកថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ ពលរដ្ឋខ្មែរក្រោម ចំនួន ២ នាក់ ដែលរាយការណ៍ថា ជាករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងនោះ គឺនារីជាកម្មករឈ្មោះ ត្រឹង ធី លិន (Tran Thi Linh ) អាយុ ២៨ ឆ្នាំមកពីខេត្តឃ្លាំង បម្រើការងាររោងចក្រមួយ នៅខេត្តកំពង់គោ (Long An) បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២២ កក្កដា ។ នេះបើតាមបុរសជាគូរដណ្តឹង ដែលមើលថែនាងបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ព្រៃនគរ ។
ចំណែកបុរសជនជាតិខ្មែរក្រោម ម្នាក់ទៀត មកពីខេត្តក្រមួនស ជាកម្មករធ្វើការនៅខេត្តទួលតាមោក (ប៊ិញយឿង) ត្រូវបានក្រុមគ្រួសារបញ្ជាក់ថា ស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរសុខាភិបាលខេត្តមួយនេះ ប្រគល់ធាតុឱ្យគ្រួសាររបស់ពួកគេ ក្រោយធ្វើកោសល្យវិច្ច័យ និងបានយកសពកម្មករខ្មែរក្រោមនោះ ទៅបូជារួច ។ នេះបើតាមការគូសបញ្ជាក់បន្ថែម ពីសាច់ញាតិនៃសព ។<
សពពលរដ្ឋខ្មែរក្រោម ដែលកើតជំងឺកូវីដ-១៩ ទាំងពីរូបនោះ មិនអនុញ្ញាតឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យ ទៅតាមប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ទេ ។ ដោយសារតែពួកគេមានផ្ទុកមេរោគកូវីដ-១៩ និងដើម្បីបង្ការកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃផងនោះ ទើបត្រូវរៀបចំបូជាតាមអ្វី ដែលជាការកំណត់របស់សមត្ថកិច្ចរបស់ក្រសួងសុខាភិបាលវៀតណាម ។
សូមរម្លឹកជូនថា ការស្លាប់របស់ពលរដ្ឋខ្មែរក្រោមនេះ គឺជាករណីទី ១ ហើយ នៅដែនដីកម្ពុជាក្រោម ដែលមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជំងឺសរុបនៅទូទាំងប្រទេសវៀតណាម កើនដល់ ៧៤,៣៧១ នាក់ ។
រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី ១៧ ខែកក្កដា សប្តាហ៍កន្លងទៅនេះ បានសម្រេចចេញវិធានការរឹតត្បិតការធ្វើដំណើរក្នុងខេត្តចំនួន ១៦ នៅភាគខាងត្បូង (កម្ពុជាក្រោម) ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង ។ ក្រុងព្រៃនគរ (ហូជីមិញ) ក្លាយជាចំណុចកណ្ដាលនៃរលកវាយប្រហារវាយ ដ៏អាក្រក់របស់ជំងឺផ្លូវដង្ហើមមួយនេះ បន្ទាប់វៀតណាម អាចគ្រប់ស្ថានការណ៍បានមួយរយៈមក ។
ត្រឹមពាក់កណ្ដាលខែកក្កដា វៀតណាម មានអ្នកទទួលបានវ៉ាក់សាំងពេញលេញចំនួនជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនជាង ៩៨ លាននាក់ ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានវ៉ាក់សាំងជិត ៩ លានដូសហើយ តែល្បឿននៃការចាក់វ៉ាក់សាំង នៅយឺតនៅឡើយ ៕