បរទេស៖ សារព័ត៌មាន Myanmar Now បានផ្សាយថា ផ្សារទំនើបចំនួន២កន្លែង ដែលគ្រប់គ្រងដោយពួកយោធាមីយ៉ាន់ម៉ា ត្រូវបានភ្លើងឆាបឆេះអស់ កាលពីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅក្នុងទីក្រុងយ៉ាំងហ្គូន។
សារព័ត៌មានដដែល បានបន្ដថា អគ្គីបានចាប់ផ្តើមឆាបឆេះ នៅក្នុងម៉ាត Ruby Mart នៅតាមផ្លូវ Bogyoke ស្ថិតក្នុងសង្កាត់ Kyauktada នៅក្នុងទីក្រុងយ៉ាំងហ្គូន កាលពីវេលាម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា។ បើតាមអ្នកស្រុក បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៧ព្រឹក ផ្សារទំនើបទាំង២នោះត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។
អ្នករស់នៅក្បែរ Ruby Mart បានឲ្យដឹងថា ជាន់ទាំង៤ នៃអគារផ្សារនោះ ត្រូវបានភ្លើងឆេះខូចខាតយ៉ាងខ្លាំង។ ប៉ុន្តែសណ្ឋាគារនៅក្បែរផ្សារទំនើប មិនត្រូវបានភ្លើងឆាបឆេះរាលដាលដល់នោះឡើយ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ នៅទីក្រុងយ៉ាំងហ្គូន បានប្រាប់សារព័ត៌មាន Myanmar Now ថា លោកមិនអាចធ្វើអត្ថាធិប្បាយ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះទេ។ ទាំងម៉ាត Ruby Mart និង ផ្សារទំនើប Gandamar ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shwe Gandamar International Trading ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនMEHL ដែលគ្រប់គ្រងដោយពួកយោធាមីយ៉ាន់ម៉ា ។
ក្រុមហ៊ុនទាំង២នេះ ត្រូវបានសហរដ្ឋអាមេរិក និងអង់គ្លេស ប្រកាសដាក់ទណ្ឌកម្ម ក្រោយពេលពួកយោធាភូមា បានធ្វើរដ្ឋប្រហារ រឹបអូសអំណាច និងបង្ក្រាបទៅលើក្រុមបាតុករ ដែលគ្មានអាវុធ នៅក្នុងដៃយ៉ាងសាហាវព្រៃផ្សៃ បណ្ដាលឲ្យមានអ្នកស្លាប់ជាង៥០០នាក់ ចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រីឯផ្សារទំនើបទាំងនេះស្ថិតក្នុងចំណោមអាជីវកម្មជាច្រើនទៀត ត្រូវបានធ្វើពហិការដោយដៃគូភាគហ៊ុន ដែលប្រឆាំងនឹងរដ្ឋប្រហារ ព្រោះវាមានការជាប់ទាក់ទងជាមួយពួកយោធាមីយ៉ាន់ម៉ា (ភូមា)។
ទោះជាយ៉ាងណា គេមិនទាន់ដឹងអំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ ព្រោះករណីនេះបានកើតឡើង នៅក្នុងអំឡុងពេលមានបម្រាមគោចររបស់របបយោធាមីយ៉ាន់ម៉ា ហើយប្រជាពលរដ្ឋ ក៏មិនបានដើរ ដោយសេរី នៅក្នុងអំឡុងពេលនោះដែរ៕