រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់បន្ថែមទៀត ហើយក៏មិនមានអ្នកព្យាបាលសះស្បើយថ្មីនោះដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ថ្មីទាំង២នាក់នោះ រួមមាន៖
១-កុមារាជាជនជាតិឥណ្ឌូនេស៊ី អាយុ១ឆ្នាំ ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលមានវិជ្ជមាន នៃកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ពួកគាត់ជាអ្នកដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី ហើយបន្តជើងហោះហើរ នៅក្នុងប្រទេសសិង្ហបុរី និងបានមកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន នារាជធានីភ្នំពេញ។
២–ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គាត់បានធ្វើដំណើរមកពីប្រទេសថៃ ហើយបានមកដល់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
បើគិតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៤១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលសះស្បើយចំនួន ៣៨៦នាក់ ហើយអ្នកជំងឺចំនួន៥៥នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរបស់រដ្ឋ៕