ខេត្តស្វាយរៀង ៖ បុរសម្នាក់បានបាត់ប្រពន្ធមិនដឹងទៅណារកមិនឃើញក៏ដើរទៅសួរអ្នកជិតខាង លុះគេឆ្លើយថាមិនដឹងស្រាប់តែទាញកាំបិតកាប់ទៅលើស្ត្រីវ័យចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ និងចៅស្រីម្នាក់ទៀតបណ្តាឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ។
ជនសង្ស័យឈ្មោះ សេង ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលនៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះពីរនាក់មានទី១-ឈ្មោះ ហ៊ីង យ៉ឹម ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរកសិករ (ស្លាប់) និងទី២-ឈ្មោះ ប៉ែន រ៉ី ភេទស្រី អាយុ១៣ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យផ្ទះនៅក្បែរគ្នា ។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះហើយក៏បានសួរស្ត្រីរងគ្រោះគាត់ឆ្លើយប្រាប់ជនសង្ស័យថា «អញមិនឃើញទេ» ។ ស្រាប់តែជនសង្ស័យខឹងជនរងគ្រោះជាខ្លាំងបានស្ទុះទាញយកកាំបិតដេញកាប់ត្រូវចំកញ្ចឹង.កពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូង ។ ចំណែកចៅស្រីត្រូវចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើកំណត់ហេតុ ។ បន្ទាប់ពីពិនិត្យរួចសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តស្វាយរៀងដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕