រដូវប្រាំង គឺជារដូវរាំងស្ងួត ខ្វះទឹកប្រើប្រាស់ ហើយដំណាំទៀតសោត ក៏ពិបាកក្នុងការលូតលាស់ ឬដុះលូតលាស់មិនសូវល្អ ដូច្នេះហើយ ដើម្បីដាំដំណាំបានល្អ យើងត្រូវការពារសំណើមដីជានិច្ច ។ ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការរៀបចំ ដាំដុះដំណាំក្នុងរដូវប្រាំង…
*ការជ្រើសរើសទីកន្លែង ៖
រៀបចំតំបន់ដាំដុះឱ្យនៅជិតប្រភពទឹក ឬដាំនៅតំបន់ដីទាប (ដីលិចទឹកពីមុន) ព្រោះកន្លែងដីទាបវាមានសំណើមច្រើន ។
*ការជ្រើសរើសមុខដំណាំ ៖
ត្រូវជ្រើសរើសដំណាំដែលអាចដុះលូតលាស់ល្អ នៅក្នុងលក្ខខណ្ឌនៃរដូវរាំងស្ងួត ដូចជា សណ្តែកបាយ ដំឡូងមី ត្រប់មូល ។ល។ ជួនកាលដំណាំទាំងនេះ វាមិនមែនជាអាហារដែលយើងនិយមចូលចិត្តក៏ដោយ ប៉ុន្តែវាអាចឱ្យផល និងជួយសម្រាល ជីវភាពបានមួយផ្នែកដែរ ។
១. ជ្រើសរើសយកបន្លែដែលដុះលូតលាស់រយៈពេលខ្លី ឬពូជស្រាល
២. ត្រូវរក្សាការពារដីឱ្យត្រជាក់ និងការពារការបាត់បង់សំណើមដីដោយការរំហួតតាមវិធីដូចជា ៖
– ត្រូវគ្របដីដោយចំបើង ស្លឹកឈើនៅជុំវិញរុក្ខជាតិ ជាពិសេសស្លឹកទន្ទ្រានខែត្រ កំប្លោក លើដំណាំដែលដាំ
– គួរដាំបន្លែឱ្យកៀកគ្នា ដើម្បីការពាររំហួត
– ការពារកូនដំណាំតូចៗ ឱ្យមានម្លប់ដោយដំណាំច្រើនជាន់
– ត្រូវដកស្មៅចេញពីរងដំណាំ ព្រោះស្មៅវាប្រជែងស្រូបសំណើមពីដីជាមួយ នឹងដំណាំយើងដែរ
– ប្រើជីធម្មជាតិពិសេសជីកំប៉ុស្ត ឱ្យបានច្រើន ព្រោះវាអាចរក្សាដីឱ្យមានសំណើមបានយូរ
៣. នៅពេលរដូវរាំងស្ងួត ដំណាំបន្លែ ឬឈើហូបផ្លែតែងតែជួបប្រទះនៅការហួតហែង ដូច្នេះ យើងគប្បីប្រើសំរាម សំរាប់គ្រប់គល់ ដើម្បីការពាររំហួត និងរក្សាសំណើមបានយូរ ម្យ៉ាងទៀត នៅពេលសំរាមរលួយ វាក្លាយជាជី ។
*ផលប្រយោជន៍គ្របគល់ ៖
– កាត់បន្ថយការហួតសំណើមឆាប់ពេក
– ជួយរក្សាសំណើមបានយូរ ឱ្យដីធូរ និងរក្សាគុណភាពដីល្អបានយូរ
– ឫសរុក្ខជាតិអាចស្រូបយកទឹក និងជីជាតិក្នុងដីបានស្រួល និងជួយបង្កើតជីជាតិដីពេលសំរាមរលួយ
– ដំណាំលូតលាស់បានល្អ និងការពារមិនឱ្យស្មៅដុះ
– ជួយទប់កូនរុក្ខជាតិ
– ជួយបំបែកទឹកពេលយើងស្រោច
– ផលដំណាំមានគុណភាពខ្ពស់រសជាតិឆ្ងាញ់ ៕