ខេត្តកណ្តាល ៖ បុរសម្នាក់បានវេចបង្វេចចុះចោលប្រពន្ធកូនអស់រយៈពេល៦ខែ លុះពេលវិលត្រឡប់មកដល់ផ្ទះវិញ បានឈ្លោះប្រកែកជាមួយស្ត្រីជាប្រពន្ធ ដែលជាហេតុធ្វើឲ្យបុរសរូបនោះតូចចិត្តស្អិតទ្រូងលែងចង់រស់ បានរត់ទៅចង.កស្លាប់យ៉ាងអាណោចអាធ័ម។ ករណីអត្តឃាតនេះ បានកើតកាលពីវេលាម៉ោង០៩ និង០៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើដើមស្វាយដីចម្ការរបស់ឈ្មោះ កង ស៊ីម ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។

ជនរងគ្រោះគិតខ្លីចង.កស្លាប់នេះ ឈ្មោះធឹម ម៉ៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខបរកម្មករសំណង់ មានទីលំនៅៗ ភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។

ស្រ្តីឈ្មោះ យោគ ជូរី អាយុ២៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នាងនិងប្តីបានរៀបការរយៈពេល៦ឆ្នាំមកហើយ មានកូនប្រុសម្នាក់។ នៅដើមឆ្នាំ២០១៩នេះ ប្តីបានចុះចោលនាងជាប្រពន្ធអស់រយៈពេល៦ខែ ដោយមានបញ្ហាទំនាស់ពាក្យសម្តីក្នុងគ្រួសារបន្តិចបន្តួច ។ លុះនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៩ ប្តីបានមកដល់ក្នុងភូមិវិញ តែពុំបានចូលមកផ្ទះទេ ដោយនៅផឹកស្រាជាមួយអ្នកភូមិរហូតដល់ម៉ោងប្រមាណ២១ និង៣០នាទីថ្ងៃដដែល ទើបប្តីរបស់គាត់ចូលមកផ្ទះ ហើយក៏មានការទាស់ពាក្យសម្តីជាមួយនាងទៅ។

ស្រ្តីខាងលើបន្តថា ក្រោយមកប្តី (ជនរងគ្រោះ) បានចុះចេញពីផ្ទះបាត់ទៅមិនដឹងទៅទីណា លុះព្រឹកឡើង នៅវេលាម៉ោង០៩ និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មានអ្នកស្រុកមកប្រាប់នាងថា ជនរងគ្រោះបានធ្វើអត្តឃាតចង.ក នៅនឹងមែកស្វាយស្លាប់បាត់ទៅហើយ ទើបនាងធ្វើដំណើរទៅកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញ លោកគ្រូពេទ្យ បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ឃើញថា សពមានសភាពស្លេកស្លាំង មានស្នាមទ្រុឌ ជាំនៅក ផ្នែកខាងមុខ លើគ្រាប់ពោនដល់កញ្ចឹងកខាងក្រោយ ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ ។
តាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត ចងក ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕