ភ្នំពេញ៖ នាថៃ្ងទី២៦ ខែឧសភា​ ឆ្នាំ២០១៨​ វឌ្ឍនៈ គ្រុប បានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​​ សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន សែន​ ព្រមទាំង​មាន​ការចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសំខាន់ៗ ​រួមទាំងអង្គទូតនានា ឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិ​ផងដែរ។ ក្នុងពិធី​ដ៏​អធិកអធម​​នេះ ក៏មានរៀបចំ ការបញ្ចាំងភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាកសញ្ញា​អគារនិង ទង់ជាតិខ្មែរលើតួអគារទាំងមូល ការបាញ់កាំជ្រួចដ៏​ស្រស់​ស្អាត នាពេលរាត្រី ដើម្បីបង្ហាញជូនសាធារណជន​ទាំងអស់  ឱ្យបានដឹងពីព្រឹត្តិការណ៍មួយនេះ​ផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវឧកញ៉ា ឈុន លាង សហស្ថាបនិក វឌ្ឍនៈ គ្រុប បាន​លើក​ឡើង​ថា​មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជានិមិត្តរូបនៃភាព​ជោគជ័យ​មួយក្នុងការខិតខំកសាងប្រទេសជាតិ​ឡើង​វិញ របស់ ប្រជាពលរដ្ឋ និងរដ្ឋាភិបាល តាំងពី​បាទ​ដៃ​ទទេរ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់វិស័យឯកជន​ក្នុងការ​ចូល​រួម​​លើកស្ទួយ​សេដ្ឋ​កិច្ច​ជាតិ និង​នាំ​មក​នូវភាពចម្រុងចម្រើនជូនប្រជាជនខ្មែរគ្រប់រូប ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ចេញពីរបបប្រល័យពូជសាសន៍​ ប៉ុល ពត។

លោកជំទាវឧកញ៉ា ក៏បានសង្កត់ធ្ងន់ថា លោកជំទាវ នៅចងចាំ​អំពី​ការលំបាក និងកិច្ចខិតខំ​របស់​​រាជរដ្ឋាភិបាល​ ដែលដៃម្ខាងខិតខំកសាងសន្តិភាព និងដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សេដ្ឋកិច្ច​ជាតិ។ ក្នុងនាម ជាវិនិយោគិនខ្មែរមួយរូប លោកជំទាវ សូមសម្តែង​នូវ​ការគោរពដឹង​គុណ និងថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​នូវ​គុណូបការៈ​​ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏​ឈ្លាសវៃ​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងប្ដេជ្ញាចិត្តមិន​ចាក​ឆ្ងាយ​ចោលប្រទេសជាតិទោះក្នុង​កាលៈទេសៈណាក៏ដោយ។ វឌ្ឍនៈគ្រុប បានចំណាយ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ត្រួស​ត្រាយដើម្បីឱ្យលេចចេញជារូបរាងនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល  ដ៏ស្រស់​បំព្រង​មួយ​នេះ ហើយ​បាន​ចំណាយ​​អស់​ទឹក​ប្រាក់​សរុប ២៥០​លាន​ដុល្លាសហរដ្ឋអាមេរិក ហើយនឹងត្រូវវិនិយោគ​ជាបន្តបន្ទាប់​ទៀត។

ថ្លែងនៅក្នុងទិវាដ៏មហានក្ខត្តឫក្ស ឧត្ដុង្គឧត្ដមនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើបលាយឡំជាមួយភាពក្ដុកក្ដួល​ នៅពេលឃើញវិស័យឯកជន​បានរីកចម្រើនធំធាត់ ហើយ​​​មិនបំភ្លេច​ដើមកំណើតរបស់ខ្លួន​ចេញពីទីណា។ សម្ដេចពិត​ជាមាន​មោទនភាព នៅពេល​បានឃើញ​ប្រទេសជាតិមានការរីកចម្រើន និងមានវត្តមានអគារខ្ពស់ៗ​នៅរាជធានីភ្នំពេញ​ដូច​ជា ​អគារវឌ្ឍនៈ កាពីតាល។ សម្ដេច​បាន​​បន្តទៀតថា ការ​ដាក់​សម្ពោធ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ  កាពីតាល  គឺជាសមិទ្ធិផលថ្មី​សន្លាងមួយទៀត​របស់កម្ពុជាក្រោយការឆ្លងកាត់​ដំណាក់​កាល​ដ៍សែន​លំបាក​ជា​ច្រើនបន្ទាប់ពីប្រទេស ត្រូវបានបំផ្លិចបំផ្លាញ ដោយភ្លើង​សង្គ្រាម​ប្រមាណជាង៣ទសវត្ស ហើយមិនសល់​អ្វីសោះ​ក្រោយ​ឆ្នាំ១៩៧៩។

​គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវបាន​ស្ថាបនាយ៉ាងល្អិតល្អន់ ដោយរចនាជានិមិត្តរូប “នាគរាជ” ដើម្បីបង្ហាញពីភាព​រស់រវើក រឹងមាំខ្លាំងក្លា ភាពរីកចម្រើន​ជឿនលឿនអស្ចារ្យ និងភាពត្រជាក់ត្រជុំ សុខ​សន្តិភាព​បរិបូរណ៍ ក្នុងយុគសម័យ​សម្តេចតេជោ។ រីឯគូបកញ្ចក់​លើ​គ្រោង​អគារ គឺជាតំណាងប្រទេសកម្ពុជា ជាគុជប្រចាំអាស៊ី។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ  កាពីតាល មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ប្រកបដោយសក្តានុពល​ល្អ​បំផុត មានផ្ទៃ​ក្រឡា​សំណង់​អគារ​សរុប ១៣១.០០០ម២ និង មានកម្ពស់ ១៨៧,៣ម៉ែត្រ មានចំនួន ៣៩ ជាន់​​ គឺ​ជា​អគារ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេសកម្ពុជាដែលបង្ហាញអំពីអត្តសញ្ញាណនៃការរស់នៅបែបស៊ីវិល័យ ជួយលើកស្ទួយសោភ័ណ​ភាព​ទីក្រុង។

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក​ វឌ្ឍនៈ គ្រុប គឺជាក្រុមហ៊ុនដែលបង្កើតនូវធុរកិច្ចថ្មីៗ និងសហគមន៍រស់នៅ លំដាប់​បទដ្ឋាន​អន្តរជាតិ។​ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានរចនាប្រកបដោយសិល្បៈដ៏រស់រវើក ហើយ​បានបំពាក់​នូវបរិក្ខាទំនើបៗ ប្រកប​ដោយ​គុណភាពខ្ពស់ ​ស្របតាម​ស្តង់ដារអន្តរជាតិ ​រួម​មាន ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃអគារ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព ការអភិរក្សប្រភពថាមពល និង​ការ​ការពារ​ទៅ​លើបរិស្ថាន។​ នៅក្នុងឆ្នាំ២០១២ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល គឺជាអគារតែមួយគត់ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែល​បានប្រកួតឈ្នះ​ពាន​រង្វាន់​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អដាច់គេ ​ក្នុងប្រទេសអាស៊ាន ដែល​នេះ​ជា​មោទនភាព និងកិត្តិយសដំបូងបំផុតសម្រាប់​ប្រជាជាតិខ្មែរ ​។​

បន្ថែមពីលើនេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល  ក៏ទទួល និងរក្សាបាន​នូវ​វិញ្ញាបនបត្រ​មាស​ LEED (Leadership in Energy and Environmental Design) ពីសហរដ្ឋអាមេរិក​តាំងពីឆ្នាំ២០១៦ ដែលទទួល​ស្គាល់​ថាជាអគារមានលក្ខណៈឈានមុខគេលើផ្នែកថាមពល និង​បរិស្ថាន ហើយបំពេញគ្រប់លក្ខខណ្ឌបទដ្ឋានបរិស្ថានឥតខ្ចោះ និងឧត្តមានុភាព កម្រិតពិភពលោក។
មជ្ឈមណ្ឌលពាណិជ្ជកម្ម​ វឌ្ឍនៈ កាពីតាល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុមុខងារ ដែលជា​ការ​អភិវឌ្ឍ​ដំបូង​បង្អស់​​​យ៉ាង​ពិតប្រាកដនៅប្រទេសកម្ពុជា ដោយមានចែកចេញជាផែ្នក​សំខាន់ៗ​ដូចជា៖

​-ផ្សារទំនើប វឌ្ឍនៈ កាពីតាល​​ -​ គឺជាផ្សារប្រណិតដំបូងគេលាតសន្ធឹង៣ជាន់ ដែលសំបូរទៅដោយម៉ាកល្បីៗ លំដាប់​អន្តរជាតិដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម។  បន្ថែមពីនេះ ផ្សារទំនើប វឌ្ឍនៈ កាពីតាល ក៏មានសេវាកម្មផេ្សងៗ ដូចជា៖  ការិយាល័យកណ្តាលធនាគារវឌ្ឍនៈ  ដែល​ផ្តល់សេវាកម្មធនាគារ៧ថៃ្ងក្នុង១សប្តាហ៍ និងសេវាកម្មបង់ប្រាក់ពន្ឋ-អាករគ្រប់ប្រភេទ  ព្រមទាំងមាន​ភោជនីយដ្ឋាន​ផ្សេងៗ​ទៀតដូចជា ហាងលក់តែនិងម្ហូប  TWG និងហាងអាហារបារាំង Eric Kayser ជាដើម។

-មជ្ឈមណ្ឌលពាណិជ្ជកម្ម – ការិយាល័យកម្រិតខ្ពស់ (Grade A)ផ្តល់ជូននូវទីកន្លែងដ៏មានផាសុខភាព​ សុវត្ថិភាព​ខ្ពស់ ​ហើយមានបែងចែកជាបន្ទប់ប្រណិត ការិយាល័យធំៗ ដែលបំពេញទៅតាមតម្រូវការរបស់អ្នក​វិនិយោគ​ជាតិ និង​អន្តរ​ជាតិ​ ដោយមានភ្ជាប់ជាមួយនឹងប្រព័ន្ឋគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធជណ្តើរយន្តទំនើប និង​ប្រព័ន្ធ​ការពារ​ផ្សេងៗ​ទៀត ។​

-មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រណិតភាព -(Lifestyle Cube) ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា ទីតាំងគ្លីនិកទន្តសាស្រ្ត​ Denriche Asia សេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។
-សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លំដាប់ផ្កាយ៥ – ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារប្រណិត​ទំនើបៗ​មានបន្ទប់ស្នាក់នៅសរុបចំនួន១៧៥បន្ទប់​​ ​​​រួមមានបន្ទប់ប្រភេទប្រណិតចំនួន៣៧ ជាមួយទំហំចាប់​ពី​៥០​ ទៅ​ដល់​ ២២៥​ម៉ែត្រ​ការ៉េ។​​​​ ​​លើសពីនេះ ក៏មាន កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំចំនួន៥ ​ភោជនីយដ្ឋាន​ចំនួន៥ ​ប្រភេទ​ផេ្សងៗគ្នាចាប់ពីជាន់ទី ៣៥ ដល់ជាន់ទី៣៩ ដែលមានដូចជា៖

-Brasserie Louis (ជាន់ទី៣៥): ផ្តល់ជូននូវម្ហូបបែបបារាំង និងខ្មែរ សម្រាប់អាហារពេលព្រឹក​ ថៃ្ងត្រង់​ និងពេល​ល្ងាច
-The Living Room​ (ជាន់ទី៣៥): ផ្តល់ជូនអាហារពេលព្រឹក និងអាហារសម្រន់បែបប្រណិត​សម្រាប់​ពេល​រសៀល និង ពេលល្ងាច រួមនឹងកាហ្វេ តែ និងនំផ្សេងៗ។
-Iza (ជាន់ទី៣៥):​ ម្ហូបបែបជប៉ុន Izakaya ផ្តល់ជូននូវអាហារថ្ងៃត្រង់ និងពេលល្ងាច ដែល​មាន​បង្ហាញ​ស្នាដៃ​ចុងភៅផ្ទាល់ៗ និងស្រាជប៉ុនដ៏សំបូរបែប ។
-Sora (ជាន់ទី ៣៧):​ ជាបារលំហមេឃសម្រាប់លំហែកាយ​នា​ពេលរាត្រី ដែលមានទីតាំង​នៅ​ជម្រាល​ខ្នង​អគារ​ ដែល​ផ្តល់ជូនសេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច រហូតដល់យប់ ។
-Cuts (ជាន់ទី៣៨):​ ជាភោជនីយដ្ឋានដែលផ្តល់ជូនប្រភេទសាច់គោ និងគ្រឿងសមុទ្រ ដែលមាន​គុណភាពខ្ព​ស់ និងជាភោជនីយដ្ឋានដែលស្ថិតនៅទីតាំង​ខ្ពស់ជាងគេ​ក្នុ​ង​សណ្ឋាគារ ជាពិសេសគឺនៅពេល​ទទួល​ទាន​អាហារថ្ងៃត្រង់ និងពេលល្ងាចអាចមើលទេសភាពនៅបរិវេណជុំវិញរាជធានីភ្នំពេញផងដែរ។​

មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជា មានផ្ដល់​ជូនលោកអ្នកនូវ​សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ និងទំនិញម៉ាកប្រណិតល្បីៗ ​​​​​ព្រម​ទាំង​ផ្ដល់ជូននូវ​បទពិសោធន៍នៃរចនាបទរស់នៅ​បែប​ស៊ី​វីល័យ​។​សូមអញ្ជើញសាធារណជនទាំងអស់​គ្នា ​ចូលរួម​ទទួល​​យកបទពិសោធន៍ថ្មីៗនូវការផ្តល់ជូនដ៏អស្ចារ្យជាងគេពី​​ មជ្ឈមណ្ឌលពាណិជ្ជកម្ម​ វឌ្ឍនៈ កាពីតាល  ដ៏ប្រណិត​​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅមហាវិថី​ព្រះមុនី្នវង្ស​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ៕