ភ្នំពេញ៖ រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 ដែលគេសង្ស័យថា បើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពែកមី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនសង្ស័យ ដែលជាមន្ដ្រីនគរបាលចរាចរជើងគោករាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា ចំពោះរថយន្ដ​ដែលគេសង្ស័យថា បានបើកដេញបុកម៉ូតូ ប្អូនប្រុសនាយ ពែកមី បណ្ដាលឲ្យភ័យស្លន់ស្លោ ជ្រុលទៅបុកតោថ្ម ដែលគេតាំងនៅខាងមុខរបងទ្វារផ្ទះប្រជាពលរដ្ឋ​ រងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវកម្លាំងនគរបាលឃាត់បាន​ហើយ នៅល្ងាច ថ្ងៃទី២០ ខែឧសភា​ នៅរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ។

សមត្ថកិច្ចបន្តថា ជនសង្ស័យដែលបើករថយន្ដនោះ គឺជា​មន្ដ្រីនគរបាលចរាចរ បម្រើការងារនៅ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប៉ុន្ដែពេលនេះកម្លាំងនគរបាល ជំនាញកំពុងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកចាប់ខ្លួន​។

សូមជម្រាបថា តារាកំប្លែងនាយ ពែកមី ស្នើ​​ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំ​​ជួយ អន្តរាគមន៍រកយុត្តិធម៌ ក្រោយ​ពេលរថយន្ដ​មួយគ្រឿងបើកដេញបុកប្អូនប្រុសរបស់លោក ក៏​បើករថយន្ដ​គេចខ្លួនបាត់ស្រមោល តាំងពីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែរយៈពេល៩ថ្ងៃមកហើយ នៅពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយ​សោះនៅឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ​ករណីដែលបានកើតឡើង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨​ សមត្ថកិច្ចខណ្ឌឫស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាន និងកំពុងខិតខំ ជំរុញលើវិធានការជំនាញ ទាំងនីតិវិធី និងប្រតិបត្តិការ តាមអនុសាសន៍ដឹកនាំ និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះសូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណជន ​មេត្តាផ្តល់ទំនុកចិត្តមកលើសមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ​។ រីឯជនរងគ្រោះ ក្រុមគ្រួសារឲ្យដឹងថា ឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនិស្សិតឆ្នាំទី៤ ផ្នែកពត៌មានវិទ្យា នៅសាកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះឲ្យដឹងថា តាមដែលក្រុមគ្រួសារបានដឹងពីជនរងគ្រោះ គឺនៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1CC-3869 ម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥។ លុះពេលគេធ្វើដំណើរមកដល់ផ្លូវភ្លោះ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក៏បើកម៉ូតូពីខាងមុខរថយន្តដោយ​សារមានភ្លៀងធ្លាក់ ពីល្ងាច ទើបមានទឹកដក់ នៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យជនរងគ្រោ ខ្លាចជិះម៉ូតូធ្លាក់ជង្ហុក ក៏មិនហ៊ានបើកម៉ូតូ តាមចិញ្ចើមផ្លូវនោះ។

ប្រភពបន្តទៀតថា ខណៈនោះអ្នកបើករថយន្តខាងលើ បានបើកពីក្រោយ ហើយសុីផ្លេផង បើកភ្លើងហ្វារថយន្តផង ហើយបើកបរតាមពីក្រោយម៉ូតូរបស់ជនរងគ្រោះ រហូតមកដល់ចំណុចផ្លូបេតុង កែងនឹងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ឃើញដូច្នេះ ជនរងគ្រោះបានបត់ម៉ូតូចូលតាមផ្លូវទៅផ្ទះ តែគ្រាន់តែគេបត់បានបន្តិច ស្រាប់តែជនបង្កបានបើករថយន្តកៀរម៉ូតូរបស់​ជនរងគ្រោះឲ្យឈប់ ហើយបានចុចកញ្ចក់រថយន្តចុះ និងនិយាយទៅកាន់អ្នកបើកម៉ូតូថា ឯងចង់ងាប់មែនឬ? អញស៊ីផ្លេផង បើកភ្លើងហ្វាផង នៅតែឯងមិនអែប ឲ្យអញទៅមុនមិនបានទេ?

អ្នកបើកម៉ូតូបានឆ្លើយតប កវិញថា អូហ៍! ខ្ញុំអត់ដឹង សុំទោស! ស្រាប់តែម្ចាស់រថយន្តប្រាប់មកវិញថា មិនបាច់សុំទោសទេ ព្រោះក្បាល​ឯង សមនឹងកំណល់កង់ឡានអញទេ។ ឮបែបនេះ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះ។ ភ្លាមៗនោះ អ្នកបើករថយន្តបានបើកដេញតាមពីក្រោយយ៉ាងលឿនទៅដល់កន្លែងកើតហេតុខាងលើ ដែលផ្លូវបែកជាបួន ធ្វើឲ្យជនរងគ្រោះភ័យខ្លាំង ក៏ជិះម៉ូតូជ្រុលចង្កូតទៅបុកតោថ្ម ដែលគេតាំងនៅមុខរបងផ្ទះយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ ជនបង្កបានបើករថយន្តគេចខ្លួនបាត់។ បន្ទាប់មក ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុ ក្រុមគ្រួសារបានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ សូមឲ្យម្ចាស់រថយន្តខាងលើ ជួយចេញថ្លៃព្យាបាល ចំនួន២៥០០០ដុល្លារ តែរហូតមកដល់ ថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៨ មិនទាន់មានចម្លើយទេ។

ក្រុមគ្រួសាបានបន្តដឹងទៀតថា ដោយស្ថានភាពជនរងគ្រោះធ្ងន់រពេក ទើបក្រុមគ្រួសារដឹកចេញពីមន្ទីពេទ្យកាល់ម៉ែត ទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ នៃប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨៕