ភ្នំ​ពេ​ញ៖ ក្មេងប្រុស២នាក់ បាននាំគ្នារត់ចេញពីភូមិគ្រឹះមួយកន្លែង ដែលត្រូវបានគេស្គាល់ថា ជាភូមិគ្រឹះរបស់ឯកឧត្តម កាន់ ម៉ន អតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សហ៊ុនស៊ីនប៉ិច ដោយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងស្ថានភាពភ័យខ្លាច ហើយក្មេងទាំង២នាក់ខាងលើនេះ គឺជាបងប្អូនបង្កើតនិងគ្នា ។

យោងតាមលោក អ៊ុង រ៉ូន ចៅសង្កាត់រងទី១ សង្កាត់និរោធ បានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើ ក្មេងប្រុស២នាក់បងប្អូនបង្កើតនេះ ដែលមានអាយុក្រោម១០ឆ្នាំ បាននាំគ្នារត់ចេញពីភូមិគ្រឹះ ឯកឧត្តម កាន់ ម៉ន អតីតសមាជិកសភាគណបក្សហ៊្វុនស៊ីនប៉ិច ដែលមានទីតាំងនៅក្នុងភូមិខាងលើ ក្នុងសភាពទាំងភ័យខ្លាច ហើយពួកគេបានសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ឲ្យរួចផុតពីការធ្វើទារុណកម្ម ពីម្ចាស់ភូមិគ្រឹះនេះផងដែរ ។

ក្មេងប្រុសទាំង២នាក់ ត្រូវបានគេស្គាល់ឈ្មោះ រី (កូនច្បង) និងឈ្មោះ វង្ស ហើយពួកគេបានប្រាប់ថា ឪពុកម្តាយរបស់ពួកគេ រស់នៅខេត្តតាកែវ ហើយពួកគេត្រូវបានម្ចាស់ភូមិគ្រឹះខាងលើ វាយធ្វើបាបរាល់ថ្ងៃ ដោយសារតែវេទនាខ្លាំងពេក ទើបពួកគេបានសម្រេចចិត្ត នាំគ្នារត់ចេញពីភូមិគ្រឹះនេះតែម្តង ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាសម្តីរបស់ក្មេងប្រុសទាំង២នាក់ ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ច តែរឿងរ៉ាវបែបណាពិតប្រាកដនោះ នៅមិនទាន់បានបកស្រាយ ពីម្ចាស់ភូមិគ្រឹះខាងលើនៅឡើយទេ ក្រោយពីស្តាប់ការរៀបរាប់ របស់ក្មេងប្រុសទាំង២រួចមក ខាងការិយាល័យសង្គមកិច្ច បានសហការជាមួយមន្ទីរសង្គមកិច្ច នាំយកក្មេងប្រុសទាំង២នាក់ ទៅរក្សាទុកកន្លែងមានសុវត្ថិភាព ជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ទៅលើម្ចាស់ភូមិគ្រឹះខាងលើផងដែរ បើសិនជាដូចដែលក្មេងប្រុសទាំង២នាក់ រៀបរាប់ខាងលើនោះមែន សមត្ថកិច្ចនឹងធ្វើការអនុវត្តទៅតាមនិតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ ម្ចាស់ភូមិគ្រឹះខាងលើ ធ្លាប់បានធ្វើទារុណកម្មលើកុមារតូចៗ រួចមកហើយផងដែរ៕