ខេត្តកំពង់ស្ពឺ៖ រថយន្តកុងតឺន័រសណ្តោងកន្ទុយមួយគ្រឿង បានបើកបរយ៉ាងលឿន ស្រាប់តែរេចង្កូត ធ្លាក់ចូលក្នុងប្រឡាយតាមចិញ្ចើមផ្លូវជាតិលេខ៤ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង។

បើតាមសម្តីរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង បានបើកបរយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅកើត។ លុះពេលរថយន្តបើកមកដល់ចំណុចផ្លូវកោង ក៏យជ្រុលចង្កូត ធ្លាក់ចូលទៅក្នុងប្រឡាយខាងជើងផ្លូវ។ ប៉ុន្តែសំណាងល្អ នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអ្នកបើកបរ។

ក្រោយពេលកើតហេតុ នគរបាលស្រុកសំរោងទងបានចុះទៅពិនិត្យដែរ ប៉ុន្តែដោយសារមិនបានបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ ទើបសមត្ថកិច្ចអនុញ្ញាឲ្យម្ចាស់ក្រុមហ៊ុនយករថយន្តមកស្ទូចយកទៅជួសជុល ដោយខ្លួនឯង៕