រាជធានីភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកទន្លេដោយមានសភាពហើមស្អុយទៅហើយ បានបង្កការភ្ញាក់ផ្អើល កាលពីវលេាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ ឧសភា ២០១៨ ហើយអ្នកដែលបានឃើញ ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យភ្លាមៗផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងក្នុងទន្លេមេគង្គ នៅចំណុចច្រាំងទន្លេត្រើយខាងលិច ខាងក្រោយវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាបឋមសមត្ថកិច្ចបានប្រាប់ថា មិនទាន់ស្គាល់អត្តសញ្ញាណរបស់សព ខាងលើនៅឡើយនោះទេ ដោយភិនភាគសព មានអាយុប្រហែល៤០ឆ្នាំ ភេទប្រុស កំពស់ប្រហែល១.៦៥ម៉ែត្រ ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហម ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ ។

ទោះជាយ៉ាងណា បច្ចុប្បន្នសមត្ថកិច្ចបានយកសាកសព បុរសខាងលើទៅតម្កល់នៅក្នុងវត្តចាក់អង្រែក្រោម ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ និងតាមរកសាច់ញាតិសព ដើម្បីមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ ៕