ខេត្តកំពង់ធំ៖ នាយកសាលាបឋមសិក្សា ​ព្រៃតាហ៊ូម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១២ ឧសភា ២០១៨ ពីបទខមិនតាមហ្វេសប៊ូក ដែលមានខ្លឹមសារប្រមាថ ព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញសង្គមហ្វេសប៊ូក។

យោងតាមការឲ្យដឹង ពីលោកវរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានប្រាប់ថា «ក្រោមបញ្ជារបស់ស្នងការ នគរបាលខេត្តកំពង់ធំ ខ្ញុំបានដឹកនាំកម្លាំង សហការជាមួយ ផែនជំនាញសន្តិសុខ ចុះទៅឃាត់ខ្លួនឈ្មោះ ឃាង ណាវី អាយុ៥០ឆ្នាំ មុខងារជានាយកសាលាបឋម សិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយសារប្រមាថ ព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook»។

ដោយយោងទៅលើ ច្បាប់ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។

ជាមួយគ្នានេះផងដែរ ចំពោះនិតិបុគ្គល ក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការ រកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធ នឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕