ភ្នំពេញ៖ ខណៈដែលវីដេអូសម្លាប់សត្វព្រៃធ្វើម្ហូបរបស់នារីស្រស់ស្អាតម្នាក់ធ្វើបង្ហោះរកលុយលើបណ្ដាញចែកចាយវីដេអូយូធូប ត្រូវបានរងការរិះគន់ថា បំផ្លាញសត្វព្រៃរួចមក ពេលនេះកំពុងក្លាយជាប្រធានបទយ៉ាងក្ដៅគគុកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលម្នាក់ៗទាមទារឱ្យមានការចាប់ខ្លួននារីរូបនោះ ពីបទបំផ្លាញសត្វព្រៃ ។

ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ នេះ នារីខាងលើដែលជាម្ចាស់វីដេអូសម្លាប់សត្វព្រៃនោះ ព្រមទាំងប្ដីរបស់នាង បានចូលមកក្រសួងបរិស្ថានដើម្បីសារភាពទោសកំហុស ។

ពួកគេទាំងពីរនាក់ បានសារភាពថា ខ្លួនគ្រាន់តែទិញសត្វព្រៃទាំងនោះ តពីគេដើម្បីមកធ្វើវីដេអូបង្ហោះចូលក្នុងយូធូប ក្នុងគោលបំណងរកលុយបន្ថែមផ្គត់ផ្គង់ជីវភាពប៉ុណ្ណោះ ។ នៅរសៀលថ្ងៃដដែលនេះដែរ ទាំងពីរនាក់ប្រពន្ធខាងលើ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងអស់នេះ ចាប់ពីថ្ងៃនេះតទៅ ៕
(ព័ត៌មានលម្អិត KBN នឹងផ្សាយបន្តទៀត)