ខេត្ត​តន​គិរី៖ សាមណេរទ្រុស្ដសីលមួយ ទើបមកគង់នៅក្នុងវត្តបានរយៈពេល២យប់ បែរជាមានគំនិតអាក្រក់លួចព្រះពុទ្ធបដិមាមួយអង្គ ក៏ត្រូវមន្ត្រីសង្ឃចាប់ផ្សឹក កាលពី​វេលា​ម៉ោង​៦ និង​១១​នាទី​ល្ងាច ​ថ្ងៃ​ទី​៩ ខែឧសភា នៅ​ក្នុងវត្តមួយ ស្ថិតក្នុងភូមិ​វើ​ន​សៃ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ​។

ប្រភពព័ត៌មានពីអ្នកភូមិវើនសៃ បានឲ្យដឹងថា កាលពី២ថ្ងៃមុននេះ សាមណេរទុ្រស្ដសីលខាងលើ បានមកគង់នៅក្នុងវត្តមួយ នៅក្នុងភូមិកើតហេតុខាងលើ។ បន្ទាប់ពីគង់នៅក្នុងវត្តបានរយៈពេល២ថ្ងៃ សាមណេរអង្គនោះ​បានឃើញព្រះពុទ្ធបដិមាដែលធ្វើពីស្ពាន់មាន​ទម្ងន់​៣៦គីឡូក្រាម តម្កល់នៅក្នុងកុដិព្រះចៅអធិការ ក៏បែកគំនិតអាក្រក់ លួចយកព្រះពុទ្ធបដិមានោះ។ ប៉ុន្តែអំពើដ៏អាក្រក់ ព្រះមិនជួយ បែក​ការដឹងដល់ព្រះចៅអធិការវត្ត អាចារ្យ និងគណៈកម្មការវត្ត បានប្ដឹងទៅមន្ត្រីសង្ឃស្រុក ក៏ចាប់ផ្សឹកតែម្ដង។

មន្ត្រីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា សាមណេរទុ្រស្ដសីលដែលមន្រ្ដីសង្ឃចាប់ផ្សឹក ហើយប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់នោះ ព្រះនាម ឡុ​ង សុ​ខន ព្រះជន្ម៣២​វស្សា មានស្រុក​កំណើត​នៅ​ភូមិ​តា​លន់ ឃុំ​ស្លា​ម៉ាត ស្រុក​ស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលដដែល បានបន្តថា បើតាមចម្លើយរបស់អន្ទិតដែលត្រូវចាប់ផ្សឹកនោះ បានសារភាពថា ខ្លួន​ពិតជា​បាន​លួច​ព្រះ​ពុទ្ធរូប​មួយ​អង្គ ធ្វើពី​ស្ពាន់​ទម្ងន់​ប្រហែល​៣៦​គីឡូក្រាម យក​ទៅ​លាក់​ទុក​នៅ​ក្នុងរោង​ទូក​​ង មុខ​វត្ត​ ក្បែរ​មាត់ទន្លេ​។ ប៉ុន្តែរឿងហ្នឹងក៏បែកការដឹងដល់ព្រះចៅអធិការ និងអាចារ្យវត្ត ទើបចាប់ផ្សឹករូបគេតែម្ដង៕