ភ្នំពេញ៖ ព្រះអគ្គីបានឆេះយ៉ាងសន្ធោសន្ធៅនៅឃ្លាំងលក់រថយន្ត និងឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ព្រមទាំងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដែលស្ថិតនៅផ្លូវ២១៩ ខាងក្រោយក្រុមហ៊ុនទូរស័ព្ទស្មាត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៣និង៣០នាទីព្រឹកទាបភ្លឺ ថ្ងៃព្រហស្បតិ៏ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ពុជសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ រៀបរាប់ប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញមានអគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្តយីហា សោម ច័ន្ទថា រួចហើយបានបន្តឆាបឆេះឃ្លាំងជាប់គ្នា ដែលជាឃ្លាំងលក់គ្រឿងបន្លាស់រថយន្តយ៉ាងសន្ធោសន្ធៅឡើង ហើយអំណាចភ្លើងបន្តឆេះឃ្លាំងជាប់គ្នាមួយទៀត ភ្លាមៗនោះ ក៏មានក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍ផងដែរ ។

ទោះជាយ៉ាងណា អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារតែមានប្រេងលាយឡំនឹងជ័រថែមទៀត ទើបធ្វើឱ្យសមត្ថកិច្ចមានការពិបាកក្នុងការបាញ់ពន្លត់ និងគ្របគ្រង់ស្ថានការណ៍ ។

យោងតាមសេចក្ដីរាយការណ៍ កម្លាំងនគរបាលបានប្រើពេលអស់ជាង ៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយពាក់ព័ន្ធនឹងការឆាបឆេះនោះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ខណៈការខូចខាតក៏មិនទាន់អាចបូកសរុបបានដែរ ព្រោះមានរថយន្តស៊េរីទំនើបៗបានឆេះរាលដាលបន្តគ្នាខ្ទេចអស់ជាច្រើនគ្រឿង ដោយក្នុងមួយគ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារឯណ្ណោះ ។

សូមរំឭកផងដែរថា នៅម៉ោងប្រហែល០៤និង៥០នាទីព្រឹកទាបភ្លឺ ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៦ មានករណីឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្តអស់ ១៦ផ្ទះ និងខូចខាតតម្លៃខ្ទង់ម៉ឺនដុល្លាផងដែរ ដែលស្ថិតនៅចំនុចផ្ទះលេខ១៤,១៦ និង ១៨ នៅផ្លូវ១៨៨ និងផ្ទះផ្សេងទៀតនៅ តាមបណ្តោយផ្លូវលេខ១៩៤ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្តីពីករណីអគ្គិភ័យកើតឡើងនៅទីតាំងឃ្លាំងលក់រថយន្តយី ហោ សោម ច័ន្ទថ្លា ដីឡូត៏លេខ៣៦ ផ្លូវ២១៩ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ សោម ច័ន្ទថ្លា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់រថយន្ត ។

យោងតាមកម្មករផ្ទះលក់រថយន្តឈ្មោះ សោម ភ័ក្ត្រា ភេទប្រុស អាយុ ២៤ឆ្នាំ បានឱ្យដឹងថា ដំបូងគាត់បានឃើញភ្លើងឆេះលើរបងឃ្លាំង គាត់ក៏បានទាញទុយោទឹកទៅបាញ់តែបាញ់ពុំឈ្នះ ហើយភ្លើងក៏បានឆេះទៅដល់កេះឡាំងដាក់គ្រឿងរថយន្ត ហើយឆាបឆ្លងដល់រថយន្តឆេះយ៉ាងខ្លាំងតែម្តង ។

សម្ភារៈខូចខាតមានឃ្លាំងលក់រថយន្ត ១ខ្នង ឆេះឡានអស់៤ គ្រឿងម៉ាក Audi, Land Cruiser, Rang Rover, Camry គិតជាទឹកប្រាក់រាប់សែនដុល្លារ។ ម៉ូតូ០២គ្រឿង ឃ្លាំងស្តុកលក់គ្រឿងបន្លាស់រថយន្ត០២ឃ្លាំង ត្រូវបានឆេះទាំងស្រុង ផ្ទះល្វែងចំនួន០២ថ្មក្រោមឈើលើ ផ្ទះឈើចំនួន០២ខ្នង និងគ្មានរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤៣គ្រឿង ៕