ភ្នំពេញ៖ បុរសម្នាក់បាននាំស្រីស្នេហ៍មករកស៊ីចែកចាយ និងសេពថ្នាំញៀន ក៏ត្រូវសមត្ថកិច្ចចុះទៅក្របួច​ក ដល់ក្នុងបន្ទប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០​១៧ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-​ឈ្មោះ ចេ​ង ច​ន្ដា ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង​ទី២-​ឈ្មោះ ទៀង ជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ។ ពួក​គេ​ទាំង២នាក់ គឺជា​គូសង្សារ​នឹង​គ្នា ហើយ​បាន​រស់នៅ​ជាមួយ​គ្នា ​ក្រោម​ដំបូលផ្ទះ​ជួល​តែ​មួយ។ ក្នុងការឃាត់ខ្លួនជនសង័្សយម្នាក់នេះ សមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន ​ថ្នាំ​ញៀ​ចំនួន​២៤​កញ្ចប់ ​ក្នុង​នោះ​កញ្ចប់​ធំ​ល្មម​១​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​២៣​កញ្ចប់ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន និង​សម្ភារ​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត។

លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​បានចុះ​ស្រាវជ្រាវ ​រហូត​កំណត់​បាន​មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​ទាំង​ពីរ​នាក់​នេះ។ លុះមកដល់ថ្ងៃកើតហេតុ លោកបានដឹកនាំកម្លាំង​សមត្ថកិច្ច ចុះ​ទៅ​​ចាប់ខ្លួន​ជនសង័្សយ​ទាំង​២​នាក់​។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាង ទៅកាន់អធិការដ្ឋាន​នគរបាលខណ្ឌ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕