ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែក ២នាក់ទៀត រងរបួសដាច់ដៃដាច់ជើង រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តកុងតៃន័រដឹកស៊ីម៉ង់ត៍ បើកបុកម៉ូតូ ២គ្រឿងពីក្រោយ មួយគ្រឿងកៀបជាប់ពីក្រោមរថយន្ត អូសជិត ១០០ម៉ែត្រ ចំណែកម៉ូតូមួយគ្រឿងទៀត ខ្ទាតចេញទៅម្ខាង ត្រូវបានរថយន្តយីឌុបបើកច្រាស់ទិសបុកកិនបន្ថែម ​ដែហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥និងង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៣ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ភាគីម៉ូតូរងគ្រោះម៉ូតូ ២គ្រឿង មួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7293 ជិះគ្នា ២នាក់ប្តីប្រពន្ធ បើកបរដោយឈ្មោះ ខឹម ថុល ភេទប្រុស អាយុ ៤៧ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែង រួមដំណើរជាមួយប្រពន្ធ រងរបួសដាច់ជើងឆ្វេង មានទីលំនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំងកក់ ខេត្តតាកែវ ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីម ស៊េរី២០១២ ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0621 ជិះម្នាក់ឯង ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះ ទាំង ២នាក់ខាងលើ រស់នៅភូមិ ស្រុកជាមួយគ្នា រងរបួសធ្ងន់ធ្ងរបាក់ដៃ ជើង បែកប្រអប់ជើងឆ្វេង ។ ដោយឡែករថយន្តបង្កទាំង ២គ្រឿង មួយគ្រឿងកុងតៃន័រ ម៉ាក ហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3865 ដឹកស៊ីម៉ង់ត៍ អ្នកបើកបរគេចខ្លួនបាត់ និងមួយគ្រឿងទៀត រថយន្តយីឌុប ម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1836 រថយន្តដឹកដែក អ្នកបើកបរគេចខ្លួនបាត់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង ក្មួយជិះម្នាក់ឯងខាងមុខ ពូមីង ជិះឌុបគ្នាតាមពីក្រោយ លុះដល់ចំណុចខាងលើ ត្រូវបានរថយន្តកុងតៃន័របើកស្របទិស បុកម៉ូតូ ២នាក់ប្តីប្រពន្ធពីក្រោយ ហើយបន្តទៅបុកម៉ូតូ ក្មួយមួយគ្រឿងទៀត ម៉ូតូមួយគ្រឿងគៀបជាប់ពីក្រោមរថយន្តកុងតៃន័រ អូសជិត ១០០ម៉ែត្រ រីឯម៉ូតូមួយគ្រឿងរបស់ក្មួយ ខ្ទាតទៅបំណែកផ្លូវ ត្រូវបានរថយន្តយីឌុបដឹកដែក បើកពីជើងទៅត្បូង ច្រាសទិសគ្នា បុកកិនបន្ថែម ហើយរថយន្តបន្តបើកទៅមុខ បានចំងាយជិត ២០០ម៉ែត្រទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តទាំង ២គ្រឿងនៅកន្លែងកើតហេតុ ។

ជនរងគ្រោះ ក្រោយកើតហេតុ ឃើញរថយន្តគ្លីនិក ២គ្រឿង មួយគ្រឿងជារថយន្តរបស់គ្លីនិករស្មី ហៅ ខឹម រ៉ានី និងមួយគ្រឿងទៀត រថយន្ត គ្លីនិក សួរគ៌ា មកដល់ តែឃើញជនរងគ្រោះ របួសធ្ងន់ពេក ហើយក្រទៀត ទើបមិនជួយដឹកយកទៅសង្រ្គោះឡើយ ត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពពងទឹក ដឹកស្រ្តីរងគ្រោះម្នាក់ នៅសល់បុរសរងគ្រោះម្នាក់ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ សាកសពម្នាក់ត្រូវបានសមត្ថកិច្ច ស្រាជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កទាំង ២គ្រឿង និងម៉ូតូរងគ្រោះ២ គ្រឿង សមត្ថកិច្ចជំនាញពិនិត្យវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ៕