ភ្នំពេញ៖ រថយន្ដបែនដឹកដី បើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មដោយសាកសពមើលលែងយល់ ដោយហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២០A ក្នុងភូមិ គងណយ សង្កាត់ គងណយ ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ យូ ដារ៉ា អាយុ ២០ឆ្នាំ មុខរបរអង្គរក្ស មានទីលំនៅភូមិព្រែកបេង ឃុំស្ដុះ ស្រុងសំរោងទង់ ខេត្ដកំពង់ស្ពឺ ។ ចំណែកតៃកុងរថយន្ដ មានឈ្មោះ សាយ ពិស អាយុ ២១ឆ្នាំ មុខរបរបើករថយន្ដ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មាន ពីកន្លែងបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ 1E-9888 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែមានរថយន្ដបែនដឹកដី មួយគ្រឿងពណ៌ស ​ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-1612 បើកបរក្នុងទិសដៅក្នុងទិសដៅស្របទិសគ្នា ។

លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះ ពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដអូសសពជនរងគ្រោះ និងម៉ូតូជាង ៥០ម៉ែត្រ ធ្វើឱ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅក្រោមរថយន្ដ ។ ដោយឡែកតៃកុងរថយន្ដបែនដឹកដី បានចុះរថយន្ដ គេចខ្លួនតែត្រូវប្រជាការពារខណ្ឌដង្កោ តាមចាប់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍គងណយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះជួយអន្ដរាគមន៍ និងទាក់ទងជំនាញការិយាល័យចរាចរណ៍ ស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកវាស់វែង និងអូសម៉ូតូរថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយតាមច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឱ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បើតាមសម្ដីប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវមួយខ្សែដែលកើតហេតុខាងលើនេះ គេបានសង្កេតឃើញថា មានរថយន្ដប្រភេទធន់ធំ និងរថយន្តដឹកខ្សាច់ ចង្គូតស្ដាំបើកបរជារៀងរាល់ថ្ងៃ ហើយបើកបរក្នុងល្បឿនលឿនគ្មានប្រណីឡើយ ពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់គាត់ តែងតែធ្វើដំណើតាមផ្លូវបេតុងមួយខ្សែនេះ ដូច្នេះពួកគាត់បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រីពាក់ព័ន្ធ ចុះហាមឃាត់រថយន្ដទាំងអស់នោះ កុំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតនូវថ្ងៃក្រោយ ៕