ពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២.១៧៣ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមលោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងថា សាកសពស្ត្រីរងគ្រោះមានឈ្មោះ វណ្ណ ជិន អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ស្លាប់យ៉ាងអណោចអធ័ម ក្រោមកង់រថយន្តកិន ។

មុនកើតហេតុ ស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកគុបមូល សេ៥០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខក្នុងទិសដៅពីលិចទៅឆ្ពោះទិសខាងកើត ។ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះជាមួយគោយន្តកន្ត្រៃដែលបើកបរស្របទិសគ្នា ធ្វើឱ្យដួលទាំងមនុស្សទាំងម៉ូតូ ហើយស្របពេលគ្នានោះដែរ ស្រាប់តែមានរថយន្តសាំងធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-9767 បើកមកពីក្រោយបានបុកគោយន្តកន្ត្រៃ រួចជ្រុលទៅកិនស្ត្រីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ។

ប្រភពដដែលបានបន្តថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ប្រហែលអាចបណ្ដាលមកពីគោយន្តកន្ត្រៃ ព្រោះគេឃើញបើកសុខៗ ស្រាប់តែរេចង្កូតទៅឆ្វេង ទើបឃើញម៉ូតូរងគ្រោះដួលតែម្ដង ។
ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍ផ្លូវគោក បានយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមនីតិវិធី។ ចំណែកសាកសព បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕