ភ្នំពេញ ៖ បុរសម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានភាគីម៉ូតូមួយគ្រឿងទៀត ជិះ២នាក់ប្តីប្រពន្ធ លើកជើងធាក់បណ្តាល ឲ្យដួលរងរបួសធ្ងន់ ហើយព្យាយាមបើករត់គេច ត្រូវបានប្រជាពលរដ្ឋ ជួយដេញចាប់ជនបង្កបាន រួចប្រគល់ឲ្យប៉ូលីស នាំយកទៅនិយាយគ្នា នៅប៉ុស្តិ៍នគរបាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ភាគីបង្កចិត្តភ្លើង ២នាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-4915 ។ ចំណែកភាគីរងគ្រោះ ជាកម្មករដឹកសាច់ជ្រូក ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-5454 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីដឹកសាច់ជ្រូក ពីកុងសុីកាប់ជ្រូក លូប្រាំ មកដាក់ឲ្យម៉ូយនៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ លុះវិលវិញជិះម៉ូតូឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត បំណងបត់ឆ្ពោះទៅជើង ខណៈដែលឆ្លងផ្លូវទៅបំណែកម្ខាងហើយ ទន្ទឹមនឹងម៉ូតូជនបង្ក ស្រាប់តែជនបង្ក ដែលជិះឌុបប្រពន្ធពីត្បូងទៅជើង លើកជើងធាក់ ចំដៃចង្កូតម៉ូតូខ្លួនទៅវិញ បណ្តាលឲ្យដួលរងរបួស រយៈដាច់ដៃជើង និងមុខ ជនបង្កមិនដួល ហើយព្យាយាមបើករត់គេច បានប្រជាពលរដ្ឋ អ្នកឃើញហេតុការណ៍ ជួយដេញតាមចាប់ ។

តាមសម្តីជនបង្កវិញ បានដោះសារថា មកពីខ្លួនភ្ញាក់ ពេលដែលម៉ូតូរងគ្រោះមកដល់ទន្ទឹម លើកជើងទៅ បះដៃចង្កូតដួលតែម្តង ។

ទោះជាយ៉ាងណាក្តី សាក្សីឃើញហេតុការណ៍២នាក់ ក្នុងនោះមានប្រជាការពារ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ដែលជិះនៅពូក្រោយ ឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា ពេលដែលជនរងគ្រោះឆ្លងផ្លូវ ទៅទន្ទឹមនឹងម៉ូតូជនបង្កនោះ ជនបង្កលើកជើង ធាក់ដៃចង្កូតផ្តួលតែម្តង ហើយបើកបន្ថែមល្បឿន ប៉ុនប៉ងរត់គេចទៀត ឃើញដូចជាជ្រុលហួសហេតុពេក ត្រូវបានម៉ូតូ៣គ្រឿង ប្រដេញតាមចាប់ឃាត់បានភ្លាមៗ ប្រគល់ឲ្យប៉ូលីស នាំយកទៅនិយាយគ្នា នៅប៉ុស្តិ៍ប៉ូលីស។

ក្នុងការសម្របសម្រួលគ្នា នៅប៉ុស្តិ៍នគរបាល ភាគីបង្ក២នាក់ប្តីប្រពន្ធ សុំសម្របសម្រួល ដោយសង៣៥មុឺនរៀល ដើម្បីបញ្ចប់រឿង ៕