រាជធានីភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់ បាននាំ​នារីខារ៉ាអូខេ ដើរលេង​ផឹកស្រាស្រវឹងស្រឿងៗ ហើយនាំនាងទៅដេកផ្ទះសំណាក់ នាងមិនព្រម ក៏ឈ្លោះប្រកែកគ្នា ផ្អើលសមត្ថកិច្ចទាំងយប់ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយ ផ្លូវលេខកា៥ ចំណុចមុខផ្ទះគ្មានលេខ​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះ មានឈ្មោះអូន សុជា អាយុ២៤ឆ្នាំ ​មុខរបរ​បំរើខារ៉ាអូខេ ​ស្នាក់នៅបន្ទប់ជួល កើតហេតុ មានស្រុកកំណើតនៅ ភូមិកោះកណ្ដាល ឃុំទាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកឯជនបង្កនោះ មានឈ្មោះAlT BaHyOussEF ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិអាមេរិក ស្នាក់នៅកើតហេតុខាងលើ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោង​១២យប់ បុរសជនជាតិអាមេរិកខាងលើ បាននាំនាង និងមិត្តភ័ក្កស្រី របស់នាង២នាក់ទៀត ទៅដើរលេងជាមួយគ្នា នៅម្តុំមាត់ទន្លេហើយបាននាំគ្នា ផឹកស្រាបៀរអស់ចំនួន៤ម៉ឺនរៀល រាងស្រវឹងស្រឿងៗ បន្ទាប់មកមិត្តភក្តិស្រីទាំង២នាក់ បានសុំត្រឡប់ទៅផ្ទះមុនបាត់អស់ នៅសល់តែរូបគេតែ២នាក់។

ស្ត្រីរងគ្រោះ បានបន្តឲ្យដឹងថា ក្រោយពីមិត្តភក្តិចេញ ទៅផ្ទះបាត់អស់ ស្រាប់តែបុរសនោះ បានលួងលោមនាង ទៅដេកនៅផ្ទះសំណាក់ តែនាងមិនព្រមទៅ ហើយរូបនាងក៏បានហៅ
ម៉ូតូឌុប ជិះត្រឡប់មកបន្ទប់ស្នាក់នៅវិញ ហើយបុរសនោះ ក៏បានជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀត មកតាមក្រោយ ខណៈពេលមកដល់ ចំណុចកើតហេតុខាងលើ បុរសនោះ បានតាមរករឿងនាង មិនឲ្យចូលដេក ក្នុងបន្ទប់ជួល ព្រមទាំងចោទថា នាងបានលួចលុយរូបគេ អស់៥០ដុល្លារ ហើយបានដេញវាយនាង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចទាំងយប់។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំស្រ្តីរងគ្រោះ នឹងបុរសបង្ក ទៅប៉ុស្តិ៍នគរបាលសង្កែ១ ដើម្បីសាកសួរ បន្ទាប់មកស្រ្តីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទាមទាសំណងជំងឺចិត្ត ចំនួន១០០ដុល្លារ៕​