ខេត្តរតនគិរី៖ បុរស និងស្ដ្រី២នាក់ សុទ្ធតែមានប្ដី និងប្រពន្ធរៀងៗខ្លួនហើយ បែរជាលួចបង្កើតល្បែង​ស្នេហាលួចលាក់ស្ងាត់ៗ ហើយលួចសកម្មភាពប្រតិបត្តិការរបស់ពួកគេ យកមកគំរាមទារប្រាក់ពីស្ដ្រីជាគូ​ស្នេហ៍ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុង​ភូមិដែ​ស ឃុំ​ប​ខាំ ស្រុក​អូ​រយ៉ា​ដាវ។

លោក ម៉ៅ សាន់ អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ​បានឱ្យ​ដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ​ឈ្មោះ​ម៉ាត់ អា​រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​-អ៊ិស្លា​ម មុខរបរជា​កម្មករ មាន​លំនៅ​ក្នុងភូមិ​ដែ​ស ឃុំ​បខាំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី។ រីឯស្រ្ដី​រង​គ្រោះ ឈ្មោះ ក រ​ អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​-អ៊ិ​ស្លា​ម​ដូច​គ្នា មានមុខរបរ​ជា​ស្ត្រី​មេផ្ទះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ សុទ្ធតែមានប្ដីប្រពន្ធ និងកូនរៀងៗខ្លួន ប៉ុន្តែពួកគេនៅតែលួចលាក់ទាក់ទង លេងល្បែងស្នេហានឹងគ្នា។ លុះមកដល់មួយរយៈចុងក្រោយនេះ ជនរងគ្រោះទំនងជាខ្លាចបែកការរឿងអាស្រូវនេះ ដឹងដល់ប្ដី និងសាច់ញាតិ នាំឲ្យខ្មាសគេ ក៏ឈប់ទាក់ទងជាមួយនឹងជនសង្ស័យជាប្រុសស្នេហ៍។

ចាប់តាំងពីពេលនោះមក ជនសង្ស័យ​ក៏​បាន​គំរាម​ទៅ​ស្ត្រី​រង​គ្រោះ​ថា ​ខ្លួន​មាន​រូបភាព​វី​ដេ​អូ​រឿងអាស្រូវរបស់ពួកគេដែលបានប្រព្រឹត្តកន្លងមក ហើយត្រៀម​នឹង​បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ប្រាប់​ទៅ​ជនសង្ស័យ​វិញ​ថា «​បើ​មាន​វី​ដេ​អូ​មែន សូម​កុំ​បង្ហោះ​​អី​។ ឮបែបនេះ ជនសង្ស័យ​រឹតតែ​បានដៃ ក៏​បាន​ទារប្រាក់​ ចំនួន​១​ពាន់​ដុល្លារសហរដ្ឋអាមេរិក ​ពី​ស្ត្រី​រង​គ្រោះ ហើយគំរាមថា ​បើ​មិន​ឱ្យ​ទេ គេនឹង​យក​វី​ដេ​អូ​នេះទៅបង្ហោះ​ភ្លាម។

ប្រភពព័ត៌មានដដែល បានបន្តថា ដាយសារមានការភ័យខ្លាចមានរឿងអាស្រូវផង ស្ត្រី​រង​គ្រោះ​បាន​យក​ប្រាក់ ទៅដាក់​តាម​វី​ង​ទៅ​ឱ្យ​ជនសង្ស័យ រួចហើយក៏​ប្ដឹង​ទៅសមត្ថកិច្ច។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង ទើប​កម្លាំង​បាន​រាយការណ៍​ទៅ​លោកស្នងការ​ ក៏បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះទៅឃាត់ខ្លួនតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការ តាមនីតិវិធី៕