ខេត្ត​ព្រះ​សីហ​នុ​៖​ យុវជនទំនើងមួយក្រុមបានព្រួតគ្នា បង្កហិង្សាទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនចំនួន៣នាក់ កាលពី​វេលា​ម៉ោង​១០យប់​ ថ្ងៃ​​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ជិត​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច​ ស្ថិត​ក្នុង​ក្រុម​ទី​១១​ ភូមិ​២​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​។​

លោក​វរសេនីយ៍ទោ​ ភុល​ ភស្តា​ អធិការ​នគរបាល​ក្រុងព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ យុវជនទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ​ ឯម​ ធឿ​ន​ ហៅ​ជា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរប​មិន​ពិតប្រាកដ​ (ជនដៃដល់) មានលំនៅ​បច្ចុប្បន្ន​ រស់នៅ​​ក្រុម​ទី​២១​ ភូមិ​១​ សង្កាត់​លេខ​៤​ ​ខេត្ត​ព្រះ​សីហ​នុ ទី២-​ឈ្មោះ​ សេន​ ចាន់​ណា​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ជាង​ផ្សារ​ដែក​ បច្ចុប្បន្ន​ រស់នៅ​​ក្រុម​ទី​២១​ ភូមិ​១​ សង្កាត់​លេខ​៤​ ក្រុង​​ព្រះ​សីហ​នុ​ (​អ្នក​បើក​ម៉ូតូ​) និងទី៣-​ឈ្មោះ​ ឆ​ន​ សង្ហា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ដូង​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ (ជា​បក្សពួក​)។ រីឯបក្ខពួក​​ម្នាក់​ទៀត​ ឈ្មោះ​ លី​ ភេទ​ប្រុស​ អាយុ​ប្រហែល​១៩​ឆ្នាំ​ (ជា​ម្ចាស់​ម៉ូតូ​សង់​ប៊ិ​ក​) បាន​រត់គេច​ខ្លួន​បាត់​។​ ចំណែកជន​រង​គ្រោះ ​ឈ្មោះ​ ជ្រឹ​ម​ មក​រា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជាង​ផ្សារ​ដែក​ បច្ចុប្បន្ន​រស់នៅ​ម្តុំ​សេ​តេ​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ (​ រង​របួស​លើ​ចិញ្ចើម​ខាងស្តាំ​ )​ កំពុង​សំរាក​ព្យាបាល​ នៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។​

លោកអធិការនគរបាល បានបន្តថា ក្រៅពីឃាត់ខ្លួនជនទំនើងខាងលើនេះ សមត្ថកិច្ចក៏ដកហូតបានម៉ូតូចំនួន៣គ្រឿង ទី១-ម៉ូតូម៉ាក​​អ៊ែរ​ប្លែ​ត​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ទី២-​ម៉ូតូ​ម៉ាក​ហុងដាឌ្រីម សេ១២៥ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 1C-0403​ និងទី៣-ម៉ូតូ​ម៉ាក​ហុងដាឌ្រីម (ប្រើប៊ិក) ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 1D-0105​។​

លោកអធិការនគរបាល បានបន្តថា កាលពីវេលាខាងលើ ជនសង័្សយបានព្រួតគ្នា ប្រើអំពើហិង្សាទៅលើ​ជនរងគ្រោះ។ បន្ទាប់ពីទទួលបាននូវព័ត៌មានបែបនេះហើយ សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួន​បានជន​សង័្សយចំនួន៣នាក់ និងម៉ូតូ៣គ្រឿង។ រីឯបក្ខពួករបស់ជនសង័្សយម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និងវត្ថុតាងទៅកាន់អធិការដ្ឋាន​នគរបាល​ក្រុង​ ដើ​ម្បី​សាកសួរ និងកសាង​សំណុំ​រឿង​ ចាត់ការតាមនីតិវិធី៕