ខេត្ត​ព្រះ​សីហ​នុ​៖​ បន្ទាប់ពីមានព័ត៌មានបុរសម្នាក់បានបង្កហិង្សា និងប៉ុនប៉ងរំលោភលើនារីរងគ្រោះ ហើយរត់គេចខ្លួនអស់​រយៈពេល៧ឆ្នាំ ទើបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលា​ម៉ោង​១ និង១៥​នាទីរសៀល​ ថ្ងៃទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅក្នុងស្រុកព្រៃនប់ ស្រាប់តែមុននេះ ភរិយា(សុំមិនបង្ហាញឈ្មោះ)របស់បុរសខាងលើ បានចេញមុខអះអាងថា នេះជារឿងអយុត្តិធម៌មួយសម្រាប់គ្រួសាររបស់គាត់ ។

បើតាម​លោក​វរសេនីយ៍ត្រី​ ហួ​ យ៉ៃ​ អធិការរង​នគរបាលស្រុកព្រៃនប់ ទទួលបន្ទុកការងារ​ព្រហ្មទណ្ឌ​ បានឲ្យដឹងថា ជនជាប់ចោទដែលសមត្ថ​កិច្ចឃាត់ខ្លួន ​ឈ្មោះ ​បាន​ គល់​ថុ​ល​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​តា​នៃ​ ឃុំ​តា​នៃ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។ រីឯការឃាត់ខ្លួនជនជាប់ចោទម្នាក់នេះ គឺសម​ត្ថកិច្ច ធ្វើឡើងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ លេខ​១៦៤៣​ ត​ព​២០១២​ ចុះ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១២​ ចេញដោយលោក​ចៅក្រម​ស៊ើ​ប​សួរ ​នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ បានចោទប្រកាន់ជននេះ ពី​បទ​ហិង្សា ​ដោយ​ចេតនា​ និង​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​ ដែលបានប្រព្រឹត្ត​ កាលពី​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១០​ នៅក្នុង​ភូមិ​វាល​មាស​ ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ​។​

ទាក់ទងជាមួយគ្នានេះ ភរិយារបស់បុរសឈ្មោះ បាន​ គល់​ថុ​ល បានចេញមុខអះអាងថា រឿងរាវពិតគឺប្ដីរបស់គាត់រូបនេះ មិនបានដឹងរឿងអ្វីឡើយ ដោយមុនកើតហេតុ កាលពី​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១០ ប្ដីរបស់គាត់ និងមិត្តភក្ដិបាននាំគ្នាទៅផឹកស៊ី នៅហាងកើតហេតុ ហើយខណៈនោះមិត្តភក្ដិប្ដីរបស់គាត់ម្នាក់(មិនបង្ហាញឈ្មោះ) បានញ៉ែញ៉ងនារីបម្រើការក្នុងហាង (នារីដែលចោទថា ត្រូវបានបុរសឈ្មោះ បាន​ គល់​ថុ​ល ប៉ុនប៉ងរំលោភ) ហើយឃើញដូចនេះ ឈ្មោះ បាន​ គល់​ថុ​ល បានហៅមិត្តភក្ដិរបស់ខ្លួនចេញក្រៅ ស្រាប់តែមានបុរសម្នាក់ទៀតឈ្មោះ ផេង នាង អាយុ ១៩ឆ្នាំ មុខរបរចាក់ឌីស ក្នុងហាងកើតហេតុ ប្រហែលជាកើតចិត្តប្រចណ្ឌ ក៏បានស្ទុះមកកាប់ត្រូវឈ្មោះ បាន​ គល់​ថុ​ល ផុងលលាដ៏ក្បាលរបួសធ្ងន់ បន្ទាប់ក៏បានបងញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ។

ស្ត្រីដដែលបន្តថា បន្ទាប់មកទៀត គ្រួសារបស់គាត់ ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ឈ្មោះ ផេង នាង ហើយក៏មានការសម្រុះសម្រួលគ្នា ដោយភាគីឈ្មោះ ផេង នាង បង់លុយចំនួន ២ពាន់ដុល្លារដើម្បីបញ្ចប់រឿង ។ បន្ទាប់មកទៀត រឿងរាវនៅមិនទាន់ចប់នៅឡើយទេ ខណៈដែលក្រុមគ្រួសាររបស់គាត់ បាននាំឈ្មោះ បាន​ គល់​ថុ​ល ទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ស្រាប់តែឈ្មោះ ផេង នាង ភ័យខ្លាចជនរងគ្រោះដែលខ្លួនកាប់នោះស្លាប់ ក៏បានពឹងឱ្យនារីបម្រើការក្នុងហាងកើតហេតុខាងលើ ដាក់ពាក្យបណ្ដឹងចោទថា ឈ្មោះ បាន​ គល់​ថុ​ល ប៉ុនប៉ងរំលោភនាង ហើយរត់គេចខ្លួន ក្នុងន័យចង់សម្រាលទោស ។

នារីភរិយាឈ្មោះ បាន​ គល់​ថុ​ល បានបញ្ជាក់ថា ក្រុមគ្រួសាររបស់នាង គ្មានអ្នកណាម្នាក់ដឹងថា មានពាក្យបណ្ដឹងពីនារីបម្រើការក្នុងហាងឡើង ហើយក៏មិនបានដឹងថា មានដីកាកោះហៅដែរ ព្រោះពួកគាត់រវល់តែព្យាបាលជំងឺជនរងគ្រោះ នៅប្រទេសវៀតណាម ដូចនេះគាត់គ្មានពេលមកបំភ្លឺរឿងក្ដីនោះឡើយ ដូចនេះហើយទើបឈ្មោះ បាន​ គល់​ថុ​ល ក្លាយខ្លួនជាជនជាប់ចោទនៅក្នុងករណីនេះ ៕