ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះ​ខេត្តរតនគិរី បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់​ជួល​របស់ជនជាតិ​ចិន​២​នាក់ ដោយរឹបអូស​បាន​ឫស​ឈើ​ មានទម្ងន់៩៧​គីឡូក្រាម កាលពីវេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​គ្លិះ ឃុំ​ស៊ើ​ង ស្រុប​កែវ ។

មន្ត្រីនគរបាលខេត្តរតនគិរី បានឲ្យដឹងថា ជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី​១-ឈ្មោះ ​ហ័​ង អ៊ី​ហ្វី​ង ភេទ​ប្រុស ជនជាតិ​ចិន ទី​២-ឈ្មោះ ​វ៉ៃ ហាន​មិ ភេទ​ប្រុស ជនជាតិ​ចិន និង​ទី​៣-​ឈ្មោះ រ៉ា វី​រិ​ទ្ធិ​យ៉ា​ស់ ភេទ​ស្រី ជនជាតិខ្មែរអ៊ិស្លាម (​ប្រពន្ធ​របស់​ឈ្មោះ វ៉ៃ ហាន​មិ)។ ការ​ចុះ​ត្រួតពិនិត្យ​នោះ មានការចូលរួមពីកម្លាំង​​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច និង​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿ​ញៀន​ខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ ក្រោមការសម្របសម្រួលពី​លោក រ៉ា បួ​វ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តរតនគិរី។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ​ពីការស្នាក់នៅរបស់ជនបរទេស ដោយខុសច្បាប់ នៅក្នុងទីតាំងខាងលើ ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម សមត្ថកិច្ចក៏ចុះទៅត្រួតពិនិត្យ និងឆែកឆេរ រកឃើញជនជាតិចិន២នាក់​ ក្នុងនោះមានបុរសចិនម្នាក់ ​មានយកប្រពន្ធជាជនជាតិខ្មែរអ៊ិស្លាម។ ក្រៅពីឃាត់ខ្លួនជនបរទេសទាំង២នាក់នេះ សម​ត្ថ​កិច្ចចម្រុះក៏រកឃើញ​មើម និង​ឫស​ឈើ​ចំនួន៣ការុង មានទម្ងន់ប្រហែល៩០គីឡូក្រាម ដែល​មិន​អាច​កំណត់​បានថា ជាឱសថបុរាណ ឬអ្វីឲ្យពិតប្រាកដ។

បើតាមសម្ដីរបស់បុរសចិនទាំងនេះ បាន​ប្រាប់​សមត្ថកិច្ច​ថា ​មើម​ឈើ​(រុក្ខជាតិ​មើម​ដូង​ព្រៃ)ទាំងនេះ គឺពួកគេបានប្រមូលទិញពីប្រជាពលរដ្ឋ ​រស់នៅ​ក្នុងភូមិ​ ដោយទម្ងន់​១​គីឡូក្រាម មានតម្លៃ​១​ដុល្លារ។ រីឯ​មើមដូងព្រៃទាំងនោះ គឺពួកគេមានបំណង​យក​ទៅ​កែ​ច្នៃ ​ជាឱសថ​កែ​សម្ផស្ស​ស្ត្រី​ ពី​ខ្មៅ​ទៅ​ស។

មន្រ្ដីនគរបាលដដែល បានបន្តថា ​នៅ​បន្ទប់​ជួល​របស់​ជនជាតិ​ចិនខាងលើនេះ ​កំពុង​តែ​ដំឡើង​រោង​១​សម្រាប់​ធ្វើ​ឡ​ចំហុយ​រុក្ខជាតិ​ទាំង​អស់នេះ​ ដើម្បីនាំ​ទៅ​លក់នៅក្នុងប្រទេស​ចិន។ បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​តែ​សាកសួរ​ព័ត៌មាន​បន្ថែម ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​វត្ថុ​តាងជា​មើម​រុក្ខជាតិ​ដែល​ជនជាតិ​ចិន​ទិញ​នោះ​ គឺមន្រ្ដីមន្ទីរ​សុខាភិបាល​ខេត្ត និង​ការិយាល័យ​គ្រឿងញៀន​ កំពុង​បញ្ជូន​ទៅ​ថ្នាក់លើ​ ដើម្បី​ពិសោធ។

ក្រោយពេលឃាត់ខ្លួនរួមមក សមត្ថកិច្ចបាននាំខ្លួនជនបរទេសទាំង២នាក់នេះ និងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ម្យ៉ាងទៀត សមត្ថកិច្ចក៏មិនទាន់ដឹងថា ​រុក្ខជាតិ​ទាំង​អស់នេះ​ ជាសារធាតុ​ញៀនឬយ៉ាងនោះដែរ៕