ខេត្តកំពត៖ ក្មេងស្ទាវម្នាក់បានប៉ុនប៉ងរំលោភក្មេងស្រីជំទង់គថ្លង់ម្នាក់ តែត្រូវនាងរើបម្រះ ធ្វើឲ្យជនសង័្សយភ័យ និងខ្លាចបែកការ ក៏កាប់ប្រហារទៅលើជនរងគ្រោះជាច្រើនកាំបិត ក្នុងគោលបំណងសម្លាប់ចោល ហើយរត់ឡើងលើភ្នំ ក៏ត្រូវសមត្ថ​កិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមជើងភ្នំសេដាឱន ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស ខ អាយុ១៤ឆ្នាំ ជាមនុស្សគថ្លង់ ហើយសតិមិនគ្រប់ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ រីឯជនសង្ស័យ ឈ្មោះ អាន ដែន ហៅ ប៉ាវ ភេទប្រុស ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង័្សយបានប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះ តែត្រូវនាងរើបម្រះ ទើប​ធ្វើឲ្យគេរំលោភមិនបានសម្រេច។ ៉ុន្តែបដោយសារខ្លាចបែកការផង ទើបជនសង័្សយទាញយកកាំបិតកាប់ប្រហារទៅលើ​ជនរងគ្រោះ ក្នុងគោលបំណងសម្លាប់ចោល បណ្ដាលឲ្យនាងរបួសធ្ងន់ ចំនួន៣កន្លែង (កញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង)។ បន្ទាប់មកជនសង័្សយបានរត់ឡើងលើភ្នំនាងសេដាឱន ស្ថិតក្នងភូមិ-ឃុំកើតហេតុ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែដោយ​សារស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ ទាំងយប់។ ដោយ​ឡែកជន​សង័្សយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃដដែល ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕