តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ នៅទីក្រុងមួយ ក្នុងប្រទេសតៃវ៉ាន់ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងនៅក្នុងពិធីមង្គលការមួយ ដោយនារីម្នាក់ បានបន្លំខ្លួនចូលមក អង្គុយក្នុងតុការទាំងគ្មានលិខិតអញ្ជើញ។ បើតាមព័ត៌មានក្នុងស្រុក របស់តៃវ៉ាន់ បានបញ្ជាក់ថា នារីម្នាក់ស្លៀកពាក់ស្អាតបាត អង្គុយតុភ្ញៀវកិត្តិយស ក្នុងពិធីមង្គលការមួយ ដោយអង្គុយចុចទូរស័ព្ទធ្វើមិនដឹង ហើយពេលនោះ អ្នកទទួលភ្ញៀវការ បានមកសួរនារីម្នាក់នោះ ដើម្បីសុំមើលលិខិតអញ្ជើញ និងសួរថា តើអ្នកនាងជាភ្ញៀវខាងប្រុស ឬជាភ្ញៀវខាងស្រី ។

ខណៈនោះ នារីម្នាក់នោះ ហាក់ដូចជាដឹងខ្លួនថា គេដឹងនូវទង្វើអាក្រក់របស់ខ្លួន ដែលបន្លំចូលក្នុងពិធីមង្គលការ ដើម្បីបានស៊ីម្ហូបឆ្ងាញ់ដោយមិនអស់លុយ ស្រាប់តែនាងបានស្រែក ដាក់អ្នកបំរើ ហើយធ្វើដូចជាខ្លួនឯងជាម្ចាស់ដើមការ ។ បន្ទាប់ពីមានមនុស្ស ចូលមកសួរពីរបីនាក់រួចមក នារីម្នាក់នោះ ស្រាប់តែទះតុ ធ្វើដូចជាខឹងខ្លាំងណាស់ និងបានស្រែកឡូឡា ឆាឆៅពេញក្នុងពិធីមង្គលការ។

បន្ទាប់ពីធ្វើអ្វីនាងមិនបាន អ្នកចាត់ការក្នុងហាង បានប្រាប់ទៅសន្តិសុខ ដើម្បីឲ្យនាំនាងចេញទៅក្រៅវិញ តែគេមិនទាន់ដឹងថា តើសន្តិសុខ និងម្ចាស់ដើមការ ធ្វើយ៉ាងម៉េចចំពោះនាងនោះឡើយ ។ តែទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះវីដេអូនេះរួច មានមនុស្សជាច្រើន នឹកហួសចិត្ត និងខឹងនារីម្នាក់នោះយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះ បានបញ្ចេញយោបល់ថា នារីម្នាក់នោះ ជាមនុស្សសរសៃប្រសាទ ចំណែកអ្នកខ្លះទៀត បែរជានិយាយថា សង្ស័យស្រីស្នេហ៍របស់កូនកំលោះ មកអុកឡុកទៅវិញ ៕