ភ្នំពេញ​៖ ក្រោយពេល តុលាការកំពូលបាននសម្រេចកាត់ក្ដី រំលាយគណបក្សសង្គ្រោះជាតិ រួចមក អាសនៈតំណាងរាស្រ្ដទាំង៥៥ក្នុង​រដ្ឋសភា​របស់គណបក្សប្រឆាំងមួយនេះ ត្រូវ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅកាត់​គ​.​ជ​.​ប ចែក​ទៅឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៤១ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ចំនួន​៦ គណបក្ស​ខ្មែរ​ឈប់​ក្រ ចំនួន​៥ គណបក្ស​សញ្ជាតិ​កម្ពុជា ចំនួន​២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំនួន​១កៅអី​។

លោក សោម សូ​រី​ដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ​.​ជ​.​ប) បានអះអាងថា ​អាសនៈ​នៅក្នុងរដ្ឋសភាទាំង៥៥ របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលត្រូវតុលាការរំលាយ​ចោល​នោះ គឺគជប​បានបែងចែកទៅ​ឲ្យ​គណបក្ស​ខាងលើ ដែល​បាន​ចូលរួម នៅ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​គ​.​ជ​.​ប បានបែងចែក​ឲ្យ​នោះទេ​។

លោកអគ្គលេខាធិការរងរូបនេះ បានបន្តថា តាមច្បាប់ នៅពេលអាសនៈ​ទាំង​១១ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បោះបង់ចោល គឺគ.ជ.បនឹងត្រូវ​បែងចែក​បន្តទៀត ទៅ​ឲ្យ​គណបក្ស ដែលមាន​អាសនៈ​ ក្នុង​រដ្ឋសភា​។

​អគ្គលេខាធិការរងដដែល បានបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​អាសនៈ​៦៨​ស្រាប់ នៅ​ក្នុង​រដ្ឋសភា និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល នឹង​ទទួលបាន​អាសនៈ​បន្ថែម ក្នុងចំណោម​អាសនៈ​ទាំង​១១​ខាងលើ ដែល​នៅ​ទំនេរ​។ នៅពេលណា រដ្ឋសភាបានប្រកាស​ទទួលស្គាល់​សុពលភាព ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ពេលនោះ គណបក្ស​ទាំង​៣​នេះ នឹង​ក្លាយជា​គណបក្ស ដែលមាន​អាសនៈ​ នៅក្នុង​រដ្ឋសភា ដូច​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​។

លោកអគ្គលេខាធិការរងរូបនេះ បានបន្តថា តាមច្បាប់ដែលទើបនឹងធ្វើវិសោធនកម្ម ​គណបក្ស​ទាំង​៣អាចទទួលបានចំណែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ទទួលបាន​អាសនៈ​ទាំង​១១​នេះ។ ​ប៉ុន្តែលទ្ធផល​ចុងក្រោយ ដែល​គណបក្ស​នីមួយៗ ត្រូវ​ទទួលបាន​អាសនៈ​ចំនួន​ប៉ុន្មាន​នោះ គឺ​ត្រូវ​សម្រេច ​ដោយ​​រដ្ឋសភា​។

នេះ​ជាការ​អះអាង​របស់លោក សោម សូ​រី​ដា ដោយ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អ្វីដែល​ខ្ញុំ​លើកឡើងនេះ មិន​ប្រាកដថា ត្រូវតែ​អ៊ីចឹង​ទេ​។ ករណីនេះក៏អាច​នឹងប្រែប្រួល ពេល​រដ្ឋសភាសម្រេច​»​។ រីឯចំនួន​អាសនៈ ដែល​គណបក្ស​នីមួយៗ ទទួលបាន​ពី​ការបែងចែកនោះ គឺគ​.​ជ​.​ប បានបញ្ជូន​ទៅកាន់​រដ្ឋសភា​ នៅ​ព្រឹក​ ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះហើយ​។

​នីតិវិធីនេះ គឺរដ្ឋសភានឹង​បើក​កិច្ចប្រជុំ ដើម្បី​ប្រកាស​ពីសុពលភាព​របស់​តំណាងរាស្ត្រ មកពី​គណបក្ស​ទាំងប៉ុន្មានខាងលើនេះ​។ ដោយឡែក លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ក៏បានឲ្យដឹងដែរថា រដ្ឋសភាមិនទាន់​កំណត់​កាលបរិច្ឆេទ ដើម្បី​បើក​កិច្ចប្រជុំ ស្ដីពី​បញ្ហា​ខាងលើ​នេះនៅឡើយទេ​។

​ក្នុងដំណាក់កាល​នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងតែបែងចែក​អាសនៈ​ នៅក្នុង​រដ្ឋសភា តែប៉ុណ្ណោះ​។ ដោយឡែកអាសនៈ នៃ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា​ង៥​ពាន់នោះ គឺគ​.​ជ​.​ប នឹង​បែងចែក​ នៅពេល​ក្រោយ​។

​ភាពជា​តំណាងរាស្រ្ដ និង​ភាពជាសមាជិកក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិទាំងអស់ បានអស់​សុពលភាព ចាប់តាំងពីពេល​តុលាការ​កំពូលបានសម្រេចក្ដី រំលាយចោលគណបក្សប្រឆាំងដ៏ល្បីល្បាញមួយនេះ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។ ​ក្រសួងមហាផ្ទៃ បានប្តឹងទៅ​តុលាការ​កំពូល សុំរំលាយគណបក្សប្រឆាំងមួយនេះ គឺធ្វើឡើង បន្ទាប់ពីមានបណ្ដឹងពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដឹកនាំដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​ ដឹកនាំដោយលោក ពេជ្រ ស្រស់​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទាំងអាសនៈតំណាងរាស្រ្ដ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទៅ​ឲ្យ​គណបក្ស​ផ្សេងៗដែលចូូលរួម ក្នុងការបោះឆ្នោតនោះ គឺធ្វើឡើង​តាមច្បាប់​ទាំង​បួន ស្តីពី​ការបោះឆ្នោត ដែល​ត្រូវបានធ្វើវិសោធនកម្ម ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកំពុងគ្រប់គ្រងអំណាច។ ច្បាប់​ចំនួន​៤ មាន​ខ្លឹមសារ​ជាអាទិ៍​ថា «​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​របស់​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​»​។​

​ច្បាប់​ទាំង​បួន​នោះ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិភាក្សា​រួចហើយ កាលពីព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅថ្មីនេះ។

សូមបញ្ជាក់ថា ការប្ដឹងទៅតុលាការកំពូល សុំរំលាយគណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាល បានចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទ “ក្បត់ជាតិ”។ រីឯបទចោទប្រកាន់នេះ បានកើតឡើង ក្រោយពេលមានវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា ថ្លែង​នៅក្នុងប្រទេសអូស្រ្ដាលី កាលពីពីអំឡុងឆ្នាំ២០១៣ ហើយត្រូវគេបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកតៗគ្នា ទើបមានការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ បញ្ជូុនទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕