ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមប៉ូលិសស្រុកម៉ែរិម ខេត្តឈៀងម៉ៃ បានរាយការណ៍មកថា មានភ្លើងឆេះព្រះវិហារ នៅក្នុងវត្តមួយកន្លែង ស្ថិតនៅក្នុងស្រុកម៉ែរិម ខេត្តឈៀងម៉ៃ លុះពេលចុះទៅដល់កន្លែងកើតហេតុ ក្រុមអាជ្ញាធរភូមិ បានប្រើរថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿងមកជួយពន្លត់ភ្លើង ដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ដោយក្រុមពន្លត់អគ្គីភ័យ បានប្រើប្រាស់រយៈពេល អស់៤០នាទីទើបអាចពន្លត់ភ្លើងរលត់អស់ ជាស្ថាពរ ។

បើតាមការសន្និដ្ឋានជាជំហាន ដំបូងបានឲ្យដឹងថា មានការខូចខាតទ្រព្យសម្បត្តិ ស្ទើរតែទាំងស្រុង សរុបជាទឹកប្រាក់ ប្រហែលជា២លានបាត ។ តាមការបញ្ជាក់ពីក្រុមប៉ូលិស បានឲ្យដឹងថា ករណីភ្លើងឆេះព្រះវិហារនេះ អាចបណ្តាលមកពីចរន្តភ្លើង ឆ្លងដែលបណ្តាលឲ្យទុស្សេខ្សែរភ្លើង ឆេះតែម្តង ឬអាចកើតឡើងដោយសារតែ ការអុជធូបនិងទាន ទុកចោល ទើបរាលដាលឆេះតែម្តង។ ខណៈពេលនេះ ប៉ូលិសកំពុងពិនិត្យមើល កាម៉េរ៉ាសុវត្ថិភាព ដើម្បីរកហេតុផលឲ្យបានច្បាស់លាស់ថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត ដោយមានប្រជាពលរដ្ឋ បានទូរស័ព្ទប្រាប់ក្រុមប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ ហើយនាំគ្នាជួយពន្លត់ផងដែរ ។ លុះព្រឹកឡើង ក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចូលមកត្រួតពិនិត្យ ហើយបានភ្ញាក់ផ្អើលយ៉ាងខ្លាំង និងលាន់មាត់ថា ពិតជាពូកែសក្តិសិទ្ធិមែន ព្រះពុទ្ធរូបមួយអង្គ មានពណ៌ស ត្រូវភ្លើងឆេះពេញមួយយប់ អត់មានប្រឡាក់ និងធំក្លិនភ្លើងឬផ្សេង អ្វីបន្តិចឡើយ ។

បើតាមសម្តីបុរសម្នាក់ ដែលនៅក្បែរវត្តនោះ បាននិយាយថា វត្តនេះត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ២០១០ ក្រោយមកប្រជាជននាំគ្នា ធ្វើបុណ្យបូជាសុំសិរីសួស្តី ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ រហូតដល់យប់ដែលត្រូវភ្លើងឆេះ ដោយសារតែការអុជធូបទាន ហើយទុកចោល ទើបបណ្តាលឲ្យមានរឿងនេះកើតឡើង ។ ម្យ៉ាងវិញទៀត ព្រះវិហារនេះ បានកសាងឡើង ពីឈើម៉ៃសាក់សុទ្ធសាធតែម្តង ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋ បានជឿលើព្រះពុទ្ធរូប១អង្គនោះ ពិតជាពូកែសក្តិសិទ្ធិអស្ចារ្យមែន ក្រោយពីភ្លើងឆេះហើយ ព្រះអង្គពុំមានអ្វីកើតឡើង ហើយមិនបានខូចខាតសូម្បីតែបន្តិច ទោះជានៅកប់ក្នុងភ្នក់ភ្លើង ស្ទើរពេញមួយយប់ក្តី ៕