ខេត្តកោះកុង ៖ កាលពីយប់ថ្ងៃទី៧ មិថុនា ២០១៧ មានករណីគ្រោះថ្នាក់មួយ បានបណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅនិងកន្លែងកើតហេតុ ដោយសារតែបើកបរទាំងស្រវឹង ហើយជ្រុលទៅបុករបងថ្ម ធ្លាក់ចូលប្រឡាយទឹក គួរឲ្យរន្ធត់ ។

ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះឈ្មោះ ឃឿន ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានជិះម៉ូតូទាំងស្រវឹង ក្នុងល្បឿនយ៉ាងលឿន ខណៈពេលដែលជិះមកដល់ ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលទៅបុកបង្គោលថ្ម ពេញមួយទំហឹង បណ្តាលឲ្យបាក់.កស្លាប់នៅនិងកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ព្រមទាំងម៉ូតូរបស់ជនរងគ្រោះផងដែរ ៕