ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួនចោលគូដណ្តឹង និងឪពុកម្តាយបងប្អូន ដោយសរសេរលិខិតបណ្តាំសុំទោស ឪពុកម្តាយបង្កើត និងឪពុកម្តាយ
ចិញ្ចឹម ហើយពឹងឱ្យប្អូន ជួយមើលគូដណ្តឹងរបស់គេផង ដែលហេតុការណ៍នេះ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ៧​ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់ ស្ថិតនៅភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ​។

សពបុរសចងកមានឈ្មោះ វឿន ចឺត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើមានស្រុកកំណើតនៅភូមិពោធិ៍ពាត់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ចងកនៅចំរឹងបង្អួច​អាគារជាន់ទី២ ។

តាមសម្តីបុរសម្នាក់មានឈ្មោះ នឹម សានី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់
 ស្នាក់នៅបន្ទប់ជួលភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ​មានស្រុកកំណើត នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រាប់សមត្ថកិច្ចថា ​មុនកើតហេតុ គាត់ឡើងទៅការដ្ឋានសំណង់ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួន រួចក៏ដើរទៅមើលអោយជិត តើជាអ្នកណា ពេលដើរទៅមើលស្គាល់ថា ជាអ្នកធ្វើការជាមួយគ្នា ក៏រត់ចុះទៅហៅអោយគេជួយ ប៉ុន្តែ​ពេលកម្មករមកមើល ទើបដឹងថាស្លាប់បាត់ទៅហើយ ​ក៏ប្ដឹងសមត្ថកិច្ចនគរបាលខណ្ឌ ចុះមកធ្វើកោសល្យវិច្ច័យ ហើយក៏មិនមានអ្នកណា ហ៊ានប៉ះពាល់សពដែរ ។

បុរសខាងលើបានយកខ្សែចងក នឹងចំរឹងបង្អួច ដោយឡើងជាន់លើធុងស្ពេចត្រូ ចងកសម្លាប់ខ្លួន ហើយបន្សល់ទុកលិខិត បណ្តាំចំនួន៣សន្លឹក ដោយក្នុងនោះមានអត្ថន័យដូចតទៅ៖

«ម៉ែពុកកូនមិនបាននៅសងគុណ អ្នក​ទាំងពីរទេ ចាំជាតិក្រោយ ចាំកូនសងគុណអ្នកទាំងពីរ ទាំងម៉ែចិញ្ចឹម ម៉ែបង្កើត និងឪពុកបង្កើត ឪពុកចិញ្ចឹម កូននឹងសន្យាថា កូនកើតមួយជាតិទៀត កូននឹងមិនធ្វើដូចជាតិនេះទេ ទោះបីជាជាតិនេះ កូនធ្វើឲ្យពុកម៉ែទាំង៤ មិនសប្បាយចិត្តក៏ដោយសារកូន ប៉ុន្តែកូនធ្វើនេះ ក៏ដោយទាំងបង្ខំចិត្តដែរ ពុកម៉ែនឹងអាចយល់ ពីអ្វីទាំងអស់ដែលកូនបានធ្វើនេះ គឺជាសេចក្តីដែលកូនធ្វើ ជាលើកចុងក្រោយ ដែលពុកម៉ែទាំង៤ ទាំងម៉ែបង្កើត ម៉ែចិញ្ចឹម ឪពុកបង្កើត និង ឪពុកចិញ្ចឹម ។ នៅពេលនេះ កូនសរសេរជាលើកចុងក្រោយ សម្រាប់កូនមួយនេះ ដែលធ្វើឱ្យពុកម៉ែទាំង៤ មិនសប្បាយចិត្ត កូនដឹងថា កូនធ្វើទៅនេះសង្ឃឹមថា ពុកម៉ែទាំង៤មិនយកទោសកូន កូននឹក អ្នកទាំង៤ណាស់ ប៉ុន្តែកូនមិនអាចជួបអ្នកទាំង២ទេ គឺកូនខ្មាសអ្នកទាំងពីរណាស់ ខ្ញុំសូម អរគុណអ្នកម៉ែ និងលោកពុកទាំងពីរ បានចិញ្ចឹមខ្ញុំតាំងពីតូចមក ប៉ុន្តែកូនមិនបាននៅចិញ្ចឹម អ្នកទាំងពីរវិញ ។

យាយតា ខ្ញុំចង់ប្រាប់ថា ខ្ញុំនឹកអ្នកទាំងពីរណាស់ ខ្ញុំស្រឡាញ់យាយតាស្មើនឹងឪពុកម្តាយខ្ញុំដែរ ខ្ញុំសង្ឃឹមថាយាយតា នឹងមិនយកទោសចៅម្នាក់នេះទេ ។
ម៉ែពុកកូនទៅហើយ អ៊ុំសឿន អ៊ុំសុង អ៊ុំសៀន អ៊ុំស៊ាត អ៊ុំអូន អ៊ុំសុខ អ៊ុំឃោ និងអ៊ុំផូ ប្អូនជាទីស្រឡាញ់ ២នាក់ផងដែរ ។ ប្អូនពិសី និងប្អូនភក្តីបងទៅហើយប្អូន បងទៅរកភពថ្មីហើយប្អូន ។
ប្អូនពិសីបងពឹងប្អូនរឿងមួយ បងចង់ឱ្យប្អូនជួយមើលគូដណ្តឹងបងផងបានទេប្អូន ?

ពុកម៉ែ យាយតា ​ ប្អូនទាំងពីរ បងនឹកប្អូនខ្លាំងណាស់ តែបងធ្វើទៅនេះធ្វើដោយបង្ខំចិត្តទេ ប្អូនទាំងពីរ ។ អាជុក អាឃន់ អាម៉ា ចែម៉ៅ ចែអាម ពូទៀង ខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់បាទ ។ អាថង ខ្ញុំនឹកឯងណាស់» ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្នងការ រាជធានីភ្នំពេញ ផ្នែកជំនាញកោសល្យ បានចុះមកត្រួតពិនិត្យបន្ទប់​ឃើញថា បុរសជាកម្មករសំណង់ គឺចងកសម្លាប់ខ្លួនឯង នៅលើចំរឹងបង្អួចនិងយកធុងស្ពេចត្រូ មកកល់ពីក្រោមជើង ហើយយកខ្សែគោ មកចងនិងចំរឹងបង្អួច រួចធាក់ធុងជ័រចេញ ទើបខ្សែររឹតកស្លាប់តែម្ដង​ ។ ​សពបានប្រគល់ឱ្យលោក យ៉ុន វឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ដើម្បីយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

សហការី KBN-LIVE.com