សិល្បៈ ៖ មរណភាព​លោក អ៊ិត សេដ្ឋា បាន​បន្សល់​ទុក​នូវ​ការ​រំជួលចិត្ត​ជា​ខ្លាំង​ ព្រោះ​ការ​បាត់បង់​រូប​លោក​បាន​បន្សល់ទុក​កូន​កំព្រា​បី​នាក់​ និង​ម្ដាយ​ចាស់​ជរា​ម្នាក់​គ្មាន​ទីពឹង​។​ តែ​ស្រប​ពេល​ដែល​កូន​ៗ​របស់​លោក​កំពុង​ជួប​ទុក្ខ​សោក​នេះ​ដែរ​ ពួកគេ​មិន​ត្រឹម​តែ​មាន​ការ​លើក​ទឹកចិត្ត​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ទេ ​គឺ​មាន​ទាំង​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ និង​ឧកញ៉ា​កំពូល​ៗ​ជា​ច្រើន​រូប​បាន​សន្យា​ជួយ​កូន ​និង​ម្ដាយ​លោក​។

១. ​សម្ដេច​តេជោ ហ៊ុន សែន

សម្ដេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជូន​ដល់​កូន​ទាំង​៣​របស់​លោក ​អុិត សេដ្ឋា ​ចំនួន​១​ម៉ឺន​ដុល្លារ ​ដើម្បី​ជួយ​ផ្គត់ផ្គង់ និង​រំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​លោក​។

២.​ ឯកឧត្តម​ ខៀវ ​កញារិទ្ធិ​

ឯកឧត្តម ​ខៀវ កញារិទ្ធិ ​រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌មាន​​​ បាន​បញ្ជាក់​នៅ​​ក្នុង​ពិធី​បុណ្យ​សព​លោក​ អុិត សេដ្ឋា ថា លោក​សន្យា​ថា​នឹង​ជួយ​អោយ​អស់​ពី​លទ្ធភាព​ ដើម្បី​ឱ្យ​កូន​ប្រុស​ស្រី​របស់​លោក ​អ៊ិត សេដ្ឋា​ បាន​រៀន​ចប់​ចុង​ចប់​ដើម​ និង​សន្យា​រក​ការងារ​ឱ្យ​កូន​ស្រី​ច្បង​ ធ្វើ​ក្រោយ​ពេល​រៀន​ចប់​ ដើម្បី​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​ជិត​ផង​ដែរ​។​​​

៣.​ អ្នក​ឧកញ៉ា ​គិត​ ម៉េង​

ចំពោះ​ពិធី​បុណ្យ​សព​ និង​ពិធី​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​អ្នក​ឧកញ៉ា ​គិត ម៉េង​ ជា​អ្នក​ទទួល​បន្ទុក​ រាល់​ការ​ចំណាយ​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ អុិត សេដ្ឋា​ ទាំង​ស្រុង​ ។

៤.​ ឯកឧត្ដម​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី

ឧកញ៉ា ​ម៉ុង ឫទ្ធី​ បាន​ប្រកាស​មុនគេ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ លោក​នឹង​ផ្ដល់​ផ្ទះ​មួយ​ខ្នង​ទៅ​ដល់ ក្រុម​គ្រួសារ​សព​ លោក​ អុិត សេដ្ឋា​ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​យល់​ព្រម​ទទួល​ ដែល​ផ្ទះ​នោះ​មាន​ទី​តាំង​នៅ​ភូមិ​ រិទ្ធី៣ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហៅ​ ខេត្ត​ព្រះសីហនុ ដែល​​​ជា​ទីតាំង​​នៅ​តំបន់​អភិវឌ្ឍន៍​មាន​ សាលារៀន​ មន្ទីរពេទ្យ​ និង​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​។

៥.ឯកឧត្តម​ លី ឆេង​

ឯកឧត្តម​ លី ឆេង​ អគ្គនាយក​ ប៊ែលធី​ គ្រុប​ បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ ១០០% ​ទាំង​ថ្នាក់​ចំណេះ​ទូទៅ ​និង​ភាសា​អង់គ្លេស​ ជូន​ដល់​កូនៗ​ទាំង​៣​នាក់​ ឲ្យ​មក​បន្ត​ការ​សិក្សា​នៅ​សាលា​ ប៊ែលធី ​អន្តរជាតិ​ រហូត​ដល់​បញ្ចប់​ការសិក្សា។

៦. ក្រុម​ហ៊ុន CBS

តំណាង​ក្រុម​ហ៊ុន CBS លើក​ឡើង​ថា ពេល​នេះ​ក្រុមហ៊ុន​បាន​បង្កើត​មូលនិធិ​ដើម្បី​រក​ថវិកា​ទិញ​ផ្ទះ​សមរម្យ​ណាមួយ​ឲ្យ​កូនៗ​ទាំង​៣ និង​អ្នក​ម្ដាយ​ជរា​រស់​នៅ ព្រោះ​សព្វថ្ងៃ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​ផ្ទះ​ជួល និង​សន្យា​ជួយ​កូន​តូចៗ​ទាំង​៣​ឲ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម​ផង​ដែរ៕ ផ្ដល់សិទ្ធដោយ៖ kqube