ភ្នំពេញ ៖ បុរសម្នាក់ ​ជិះម៉ូតូ​លឿន​ពេក ​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ និង​បង្កាន់ដៃ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ បណ្ដាលឲ្យ​ដួល​ម៉ូតូ​ រងរបួស​បែក​ក្បាល​ សន្លប់​ស្ដូកស្ដឹង​ ហេតុ​ការណ៍​នេះ​បានកើតឡើង​ នៅ​វេលាម៉ោង ​៩និង​៥០នាទី​យប់​ ថ្ងៃ​ទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ផ្លូវ​២៧១​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ ។

​តាម​ប្រភព​ព័ត៌មាន ​ពី​កន្លែង​កើត​ហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​រងគ្រោះ​ខាងលើ​ មិនដឹង​ថា គោល​បំណង​ទៅ​ណា​នោះ​ទេ​ គឺ​បាន​ជិះម៉ូតូ​ម៉ាក​ហុងដា
ឌ្រីម សេរី​ឆ្នាំ​ ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ បាត់​ដំ​បង​1S 0016​ បានធ្វើដំនើរតាមផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ​ពី​ពេទ្យ​រុស្ស៊ី​ ទៅ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មកដល់ ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ អ្នក​បើក​ម៉ូតូ​បាន បន្ថែម​ល្បឿន​ឡើង​ស្ពាន​ លុះដល់​ចំនុចកើតហេតុ​ ដែល​ជាចំនុច​ផ្លូវ​កោង​ ​​អ្នក​បើកម៉ូតូ​មិន​បើក​កោង​តាម​ផ្លូវ​ ក៏ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ និង​បង្កាន់ដៃ​ស្ពាន​ អាកាស​ស្ទឹង​មានជ័យ​ បណ្ដាលឲ្យ​ដួល​ម៉ូតូ​ និង​ធ្វើអោយ​អ្នក​បើក​ម៉ូតូ​ រងរបួស​បែក​ក្បាល​ សន្លប់​ស្ដូកស្ដឹង​ ត្រូវ​បានរថយន្ត​សង្គ្រោះ​ ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​គ្លីនិក​ឯកជន​ ។

ចំនែក​ម៉ូតូ​រងកាខូចខាត​ ក្រឡិត​ថ្នាំ​បន្តិចបន្តួច​ ។ ក្រោយ​ពេល​កើតហេតុ​ នៅសល់​តែ​ម៉ូតូ​របស់​ជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ច​ យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល ​ស្ទឹងមានជ័យ​ ៕

សហការី KBN-live.com