ខេត្តកណ្តាល៖ កាលពីថ្ងៃទី៦ មិថុនា ២០១៧ វេលាម៉ោង ៦ល្ងាច នៅចំណុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានហេតុការណ៍មួយបានកើតឡើង ដោយគ្រូពេទ្យឯកជនម្នាក់ ត្រូវបានជនល្មើស យកទឹកថ្នាំពុលទៅជះលើផ្ទៃមុខ បណ្តាលឲ្យត្រូវចំកែវភ្នែកខាងឆ្វេង រងរបួសចុកចាប់យ៉ាងខ្លាំង ហើយជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះមានឈ្មោះ គុណ តាំងអូន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យឯកជន មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនល្មើស ឈ្មោះ អ៊ី ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះដែរ ។

បើតាមអ្នកឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅព្យួរសរ៉ូម ឲ្យម្តាយក្មេករបស់ជនល្មើស ក្រោយពីព្យួរសេរ៉ូមរួច ជនរងគ្រោះជាគ្រូពេទ្យ បានអង្គុយលេងមួយសន្ទុះ ហើយក៏បានលាម្ចាស់ផ្ទះត្រលប់ទៅវិញ ហើយខណៈពេលដែលជនរងគ្រោះ បានដើរទៅជិតដល់ម៉ូតូរបស់ខ្លួន ស្រាប់តែជនល្មើសបានយកទឹក ដែលលាយជាមួយថ្នាំពុល សម្រាប់បាញ់សត្វ ទៅជះលើមុខរបស់លោកគ្រូពេទ្យ បណ្តាលឲ្យចំភ្នែកខាងឆ្វេង ឈឺចុកចាប់យ៉ាងខ្លាំង ហើយជនល្មើស ក៏បានរត់គេចខ្លួនភ្លាមៗផងដែរ ។

ទោះជាយ៉ាងណា ពុំទាន់មានអ្នកណាម្នាក់ ដឹងច្បាស់ពីហេតុផលដែលជនល្មើស ធ្វើបែបនេះចំពោះលោកគ្រូពេទ្យនោះទេ ហើយម្នាក់ៗមានការហួសចិត្តគ្រប់គ្នា មិនគួរណាហៅលោកគ្រូពេទ្យ ទៅជួយម្តាយក្មេករបស់ខ្លួនហើយ បែរជាសងគុណបែបនេះទៅវិញ។

ជនរងគ្រោះត្រូវបានសាច់ញាតិ និងគ្រួសារបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យភ្នំពេញ ចំណែកជនល្មើសដែលកំពុងតែរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕