ភ្នំពេញ ៖ យុវជនម្នាក់ ឈ្លៀតឱកាស ឃើញម្ចាស់បន្ទប់ដេក នឹកស្មានតែសុីផុយ ក៏ចូលលួចទូរស័ព្ទភ្លែត តែកម្មអកុសល ម្ចាស់ឃើញស្រែកចាប់ផ្អើល ចាប់បានភ្លាមៗ ប្តឹងសមត្ថកិច្ចចុះទៅឆែក រកឃើញមានដាវ មួយដើម និងដបសម្រាប់ជក់ថ្នាំញៀន ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបាន មានឈ្មោះ ហួង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិរលាំងសង្កែ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ញឹម ច្រឹប ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ជាន់ទី១ កន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។ រីឯទូរស័ព្ទដែលជនសង្ស័យ ប៉ុនប៉ងលួចម៉ាក សាំសុង ។

តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នាងកំពុងសម្រាកក្នុងបន្ទប់ តែមិនមែនដេកលក់ទេ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យដើរឡើង ទៅចូលបន្ទប់ហើយធ្វើសកម្មភាព លួចយកទូរស័ព្ទដៃ តែឮសូរសម្រឹបជើង ងើបក្រឡេកមើល ឃើញស្រែកឆោឡោ ទើបអ្នកជិតខាងនាំគ្នា ជួយចាប់បានតែម្តង ប្តឹងប៉ូលីសចុះទៅអន្តរាគមន៍ ឃាត់ឆែកឆេរបន្ទប់ជួល របស់ជនសង្ស័យ រកឃើញដាវ១ដើម និងដបសម្រាប់ជក់គ្រឿងញៀនមួយ ។

តាមចម្លើយសារភាព ជនសង្ស័យឲ្យដឹងថា ខ្លួនពិតជាមានចេតនាលួច យកទូរស័ព្ទដៃ របស់ជនរងគ្រោះមែន ពេលដែលជនរងគ្រោះ កំពុងសម្រាកក្នុងបន្ទប់ ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបាន នគរបាលឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ កសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្ត ៕

សហការី KBN-live.com