មិត្តភាពដែកថែបកាន់តែរឹងមាំឆ្លងកាត់យុគសម័យថ្មី! នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រនៅលើទឹកដីនៃទីក្រុងស៊ាងហៃ មេដឹកនាំនៃមហាយក្សចិន លោកប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើជាបង្អែកដ៏រឹងមាំសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយប្ដេជ្ញាចិត្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ព្រមទាំងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។

យោងតាមការចេញផ្សាយផ្លូវការពីស្ថាប័នព័ត៌មាន ជំនួបដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅសណ្ឋាគារ Xijiao ក្រុងស៊ាងហៃ រវាងលោកប្រធានាធិបតីចិន ស៊ី ជិនភីង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក។ ក្នុងកិច្ចសន្ទនានោះ លោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួល និងវិវត្តទៅជាស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ប្រទេសចិននៅតែរក្សាជំហរឥតងាករេក្នុងការគាំទ្រកម្ពុជា ដើម្បីបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយឯករាជ្យភាព។.jpg)
ក្រៅពីការប្ដេជ្ញាចិត្តផ្នែកនយោបាយ និងអធិបតេយ្យភាព មហាយក្សចិន និងកម្ពុជាក៏បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសន្តិសុខ និងសេដ្ឋកិច្ចកម្រិតខ្ពស់។ ភាគីទាំងពីរនឹងបន្តរុញច្រានការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ព្រមទាំងពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) និងសេដ្ឋកិច្ចឌីជីថល។ លើសពីនេះ ចិន និងកម្ពុជានឹងប្រើប្រាស់យន្តការសន្តិសុខរួមគ្នា ដើម្បីបើកយុទ្ធនាការទ្រង់ទ្រាយធំបង្រ្កាបរាល់បទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធឡាយ និងល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធឺណិត ដើម្បីធានាសុខសន្តិភាពពេញលេញជូនប្រជាជននៃប្រទេសទាំងពីរ។.jpg)
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមហាយក្សចិន ដែលតែងតែផ្តល់ការគាំទ្រដោយស្មោះស្ម័គ្រ និងឥតលក្ខខណ្ឌដល់កម្ពុជា។ សម្តេចធិបតីបានបញ្ជាក់ឡើងវិញនូវជំហរដ៏រឹងមាំថា គោលនយោបាយមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងចិន នឹងនៅតែរក្សាភាពរឹងមាំដូចវត្ថុធាតុដែកថែប មិនប្រែប្រួល និងបន្តឆ្ពោះទៅមុខដើម្បីផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព៕










